បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹកន្លែង ដោយសារជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ទាក់ដៃម៉ូតូជាមួយនឹង pass app ដួលចូលក្រោមរថយន្តដឹកទំនិញរបស់ថៃ

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ទាក់ដៃម៉ូតូជាមួយនឹង pass app មួយគ្រឿង បណ្តាលឲ្យដួលចូលក្រោមរថយន្តដឹកទំនិញធុនធំរបស់ជនជាតិថៃ គិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍គួរដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុច ម្តុំស្តង់តាងួន ចំដេប៉ូលក់គ្រឿងសំណង់ ហេង លីលាន ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាជនរងគ្រោះដោយគេដឹងថាមានឈ្មោះ ឡាយ ទីណា ភេទប្រុស អាយុ៤០ឆ្នាំ ជាម្ចាស់ដេប៉ូលក់គ្រឿងសំណង់ ហេង លីលាន ដែលមានទីតាំងនៅជាប់កន្លែងកើតហេតុ ផ្ទាល់តែម្តង បានជិះម៉ូតូទៅយកកូនចេញពីសាលា ឆ្លងផ្លូវពីឆ្វេងទៅស្តាំ ក៏ស្រាប់តែទាក់ដៃចង្កូតជាមួយនឹង pass app មួយគ្រឿង បណ្តាលឲ្យដួលចូលក្រោមរថយន្តដឹកទំនិញរបស់ជនជាតិថៃមួយគ្រឿងកិនស្លាប់ភ្លាមៗតែម្តង។
ក្រោយពីកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍នគរបាលក្រុងប៉ោយប៉ែត បានចុះមកធ្វើការវាស់វែង រួចនាំយកមធ្យោបាយទាំងពីទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ។ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕