ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំជម្រុញការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ដល់កុមារ អាយុ៥ឆ្នាំ និងដូសទី៣ ដល់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់ក្រោម ១៨ឆ្នាំ និង ប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចាក់វ៉ាក់សាំង និង ជំរុញការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដល់កុមារ អាយុ៥ឆ្នាំ និង ដូសជំរុញ ឬដូសទី៣ ដល់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់ក្រោម ១៨ឆ្នាំ និង ប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើង។
កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបីប្រភេទឈរជើងក្នុងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និង មន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អម សុភា បានជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យទៅទទួលការវ៉ាក់សាំងកូវីដ-១៩តាមគោលការណ៍ស្ម័គ្រចិត្ត និងនៅតាមទីតាំងដែលបានកំណត់ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២តទៅ ដើម្បីបង្កើតឲ្យបាននូវភាពស៊ាំសហគមន៍ និងនិរន្តរភាពនៃការរស់នៅធម្មតា តាមប្រក្រតីភាពថ្មីក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ដោយឡែក ការចាក់វ៉ាក់សាំងដូសទី១ ជូនដល់កុមារអាយុ ៥ឆ្នាំ និងការចាក់វ៉ាក់សាំង ជូនអ្នកមានជំងឺរ៉ាំរ៉ៃ អ្នកមានផ្ទៃពោះ អ្នកបំបៅដោះកូន អ្នកទើបជាសះស្បើយពីជំងឺកូវីដ-១៩ បានរយៈពេល៤ខែ មានផ្តល់ជូនរៀងរាល់ថ្ងៃធ្វើការ នៅតាមមណ្ឌលសុខភាពដូចដែលបានកំណត់ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button