ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារសិក្សា អាគាររដ្ឋបាលក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

នារសៀលថ្ងៃទី ២ ខែឧសភា  ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការ អាគារសិក្សា អាគាររដ្ឋបាល និងពិធី ប្រគេន – ប្រគល់សញ្ញាបត្រ ជូនសមណនិស្សិត និស្សិត ថ្នាក់បរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ពិធីនេះប្រព្រឹត្តទៅនៅ វត្តសុទស្សនារាមជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងពុទ្ធិកនៃសកលវិទ្យាល័យ និងសមណនិសិ្សត និស្សិតជ័យលាភីជាច្រើនរូប។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា វត្តមានរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាឱកាសនេះ ពិតជា បង្ហាញនូវការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ដល់ សមណ និស្សិត និងនិស្សិតក្រីក្រ ដែលមិនមានលទ្ធភាពទៅសិក្សានៅសាលាឯកជន ហើយវាក៏ជាការគិតគូ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ព្រះរាជាណាចក្រកម្ពុជាគឺ បានអភិវឌ្ឍន៍គ្រប់ វិស័យទាំង ពុទ្ធចក្រ និងអាណាចក្រដោយបានចាត់ទុក ពុទ្ធចក្រ និងអាណាចក្រគឺជា កង់ទាំងគូរ សម្រាប់ទ្រទ្រង់ជាតិ និងនាំជាតិឆ្ពោះទៅកាន់វឌ្ឍនភាពដែលមិនអាចខ្វះកង់ចក្រមួយណាបានឡើយ ទោះបីជាបច្ចុប្បន្នវិស័យអប់រំខាងអាណាចក្រ មានក រីកចម្រើនក៏នៅតែត្រូវការខាងពុទ្ធចក្រ ប្រៀបដូចជាជើងឆ្វេង និងជើងស្តាំសម្រាប់ទ្រទ្រងដងខ្លួនទាំងមូល បើយើងក្រឡេកមើលពី អតីតកាលវិស័យពុទ្ធចក្របានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ដូចនេះយើងអាចនិយាយបានថា វិស័យពុទ្ធចក្រគឺជាប្រភពនៃការអប់រំ និងជាកំលាំងចលករ ដែល មិនអាចខ្វះបាន តួយ៉ាងសមិទ្ធិផលនានា មានជាអាទិ៍វត្តអារាម និងសមិទ្ធផលនានា ជាច្រើនឥត គណនាបានគឺ សុទ្ធតែកើតចេញពីកម្លាំងមហាសាមគ្គី និងជំនឿដ៏មុតមាំរបស់ប្រជាពលរដ្ឋចំពោះ ព្រះពុទ្ធសាសនា។ គ្រប់សមិទ្ធិផលទាំងអស់ដែលយើងមាន សព្វថ្ងៃវាជាភស្តុតាងដែលបង្ហាញពី ការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ ប្រទេសជាតិពី សំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលជានិច្ចកាលតែងតែ យកចិត្តទុកដាក់ផលប្រយោជន៍ជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ។

ជាងនេះទៅទៀតគ្រប់កាលៈទេសៈសម្ដេច តេជោ តែងបានគិតគូរជាប់ជាប្រចាំអំពី សុខទុក្ខរបស់ ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយ ដែលទុកប្រជាពលរដ្ឋចោលនោះឡើយ។ ពិសេសគុណបំណាច់ដ៏ថ្លៃថ្លារបស់ សម្ដេច តេជោ បានការ ពារ និងស្រោចស្រង់អាយុជីវិតប្រជាជនកម្ពុជាពីជំងឺដ៏មហាប្រល័យកូ វីដ -១៩ បានញ៉ាំងចិត្តឱ្យ យើងខ្ញុំទាំងអស់គ្នាដឹងគុណជានិច្ច ចំពោះការគិតគូរពីសំណាក់ សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយយើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី អាណាត្តិទី៧ និងអាណត្តិក្រោយៗទៀតដើម្បីឱ្យសម្តេចតេជោ បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button