ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ

ព្រឹកថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ។
កិច្ចប្រជុំមានរបៀបវារៈចំនួន៤ រួមមានទី១-ពិនិត្យសេចក្តីព្រាងរបាយការណ៍ ទី២-ពិនិត្យលើការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ទី៣-ពិនិត្យលើការងារសេដ្ឋកិច្ចសង្គម និងទី៤-បញ្ហាផ្សេងៗ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានកោតសរសើរដល់គ្រប់បណ្ដាមន្ទីរ អង្គភាពរដ្ឋបាលស្រុក ក្រុងទាំង៦ក្នុងខេត្តក្រចេះ ដែលបានខិតខំរួមគ្នា សហការបំពេញការងារ ទៅតាមជំនាញរៀងៗខ្លួនបានល្អប្រសើរ ដើម្បីបុព្វហេតុបម្រើប្រទេសជាតិ និងប្រជាជន ហើយក៏ដើម្បីឲ្យខេត្តក្រចេះមានការរីកចម្រើនល់គ្រប់វិស័យផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថានៅក្នុងឆ្នាំ ២០២១កន្លងមកនេះ យើងសម្រេចបានលទ្ធផលជាច្រើន អ្វីដែលសំខាន់ក្នុងឆ្នាំ២០២២នេះយើងត្រូវការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យមានភាពកក់ក្តៅ និងយកអស់កម្លាំងកាយចិត្តក្នុងការងារទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចុះផ្សព្វផ្សាយ ការចុះចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពរដ្ឋនៅគ្រប់មូលដ្ឋានឲ្យបានចំនួនភាគរយខ្ពស់តាមដែរអាចធ្វើទៅបាន។
ឯកឧត្តម វ៉ា ថន បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ សូមទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬហៅថាដូសជំរុញ ឲ្យបានគ្រប់គ្នាៗ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ឃើញថានៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នេះ យើងទទួលបានវ៉ាក់សាំងមកចាក់ជូន ព្រះសង្ឃ ប្រជាពលរដ្ឋ និងមន្រ្តីរាជការ សុទ្ធតែវ៉ាកសាំងល្បីៗ ដូចជាមកពីប្រទេសជប៉ុន និងអាមេរិកជាដើម។
ជាមួយគ្នានោះ ឯកឧត្តម វ៉ា ថន បានបញ្ជាក់ថា ពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣ នៅក្នុងខេត្តក្រចេះយើងនៅមានកម្រិតភាគរយទាប ជាងកាលពីដូសទី១និងទី២ ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ទៅកាន់បណ្ដាប្រធានមន្ទីរ អង្គភាពទាំងអស់ ថាយើងនឹងបើកយុទ្ធនាការរួមគ្នាប្រមូលប្រជាជនឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬហៅថាដូសជំរុញឲ្យបានគ្រប់គ្នាៗ ដើម្បីបង្កើនភាពសាំបង្កើនកងការពារ នៅក្នុងខ្លួនឱ្យបានច្រើន ដើម្បីការពារខ្លួនបញ្ចៀសពីការឆ្លងជំងឺកូវីដ-១៩ ប្រសិនជាមានករណីឆ្លង ក៏ងាយស្រួលក្នុងការព្យាបាលឱ្យឆាប់ជាសះស្បើយវិញដែរ។
គួរបញ្ជាក់ដែរថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ មកទល់នឹងបច្ចុប្បន្ននេះយើងទើបតែបានចំនួន៨,៨៤ភាគរយ ឃើញថានៅមានកម្រិតទាប ដូច្នេះហើយយើងត្រូវបន្តការចុះចាក់វ៉ាកសាំងដូសទី៣ ជូនបងប្អូនចាប់ពីអាយុ១៧ឆ្នាំឡើងទៅ និងចាក់ជូនកុមារចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ គ្រប់បណ្ដាស្រុក ក្រុងក្នុងខេត្តក្រចេះ។ ដោយឡែកចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងត្រៀមចាក់ដូសទី៤ នៅពេលថ្ងៃខាងមុខឆាប់ៗនេះ។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តក្រចេះ បានជំរុញដល់បណ្ដាស្រុក ក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធដែលនៅមានបញ្ហាប្រឈមក្នុងដែនដីរបស់ខ្លួន សូមបន្តយកចិត្តទុកដាក់ចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋអោយបានល្អប្រសើរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer