ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយមបញ្ហាប្រឈមផ្នែកផ្លូវច្បាប់

នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការយល់ដឹងអំពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ នៅសណ្ឋាគារស្ទឹងសង្កែ ក្រុងបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង ដើម្បីឲ្យសមាជិក សមាជិកា របស់សភាពាណិជ្ជកម្មខេត្តនីមួយៗ ដែលជាម្ចាស់អាជីវកម្ម បានយល់ដឹងឱ្យបានកាន់តែទូលំទូលាយ ក្នុងការយកអនុវត្តនៅក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍អាជីវកម្ម ឱ្យកាន់តែមានភាពរីកចម្រើន និងជៀសវាងមានហានិភ័យក្នុងបទប្បញ្ញតិ្តច្បាប់ផ្សេងៗទៀត ។
លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងបានលើកឡើងថា បន្ទាប់ពី ច្បាប់ស្ដីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១មក នៅមានសមាជិក សមាជិកា ពាណិជ្ជករ នៅតាមបណ្ដាខេត្តភាគច្រើនមិនទាន់បានយល់ដឹងនៅឡើយ ដូច្នេះហើយទើបសភាពាណិជ្ជកម្មកម្ពុជាគ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ថ្មីនេះជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្តដែលមានការិយាល័យសភាពាណិជ្ជកម្មបានយល់ដឹងកាន់តែទូលំទូលាយថែមទៀតដើម្បីគៀងគរអ្នកវិនិយោគជាតិ អន្តរជាតិទៅវិនិយោគផ្ទាល់ដល់ខេត្ត ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ការវិនិយោគពីមួយឆ្នាំទៅមួយឆ្នាំ គឺរាជរដ្ឋាភិបាលកម្ពុជាបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុន និងក្រុមអាជីវករដែលជាការបង្ហាញនូវបរិយាកាសនៃការធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តបាត់ដំបង មានអ្នកវិនិយោគទុន មកបណ្តាក់ទុនជាច្រើន នៅក្នុងវិស័យទេសចរណ៍ វិស័យកែច្នៃ ដែលបច្ចុប្បន្ននេះផលិតផលកសិកម្មនៅបាត់ដំបងនៅមានច្រើនណាស់ ដែលត្រូវបានធ្វើការកែច្នៃឱ្យមានតម្លៃបន្ថែម ដើម្បីឱ្យកសិករមានចំណូលថវិកាបានខ្ពស់ ហើយពេលដល់រដូវប្រមូលផលម្តងៗយើងត្រូវជួបនឹងការលំបាក ។ ឯកឧត្តម បញ្ជាក់ថា ការនាំចេញទៅក្រៅប្រទេសជាការចាំបាច់ តែការកែច្នៃក្នុងស្រុកកាន់តែចាំបាច់សម្រាប់ពង្រឹងផលិតផលក្នុងស្រុក ខណៈការកែច្នៃក្នុងស្រុកមានហើយតែមិនទាន់ឆ្លើយតបតាមតម្រូវការរបស់ប្រជាកសិករ ដែលនេះគឺជាក្តីកង្វល់របស់អាជ្ញាធរខេត្ត ដែលត្រូវតែយកចិត្តទុកដាក់ជំរុញដល់វិនិយោគិន និងអាជីវករទាំងអស់ពិនិត្យមើលលើបញ្ហានេះបន្ថែមទៀត ដើម្បីធ្វើការកែច្នៃផលិតផលចេញពីកសិកម្មរបស់យើងថែមទៀត ។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ណែនាំដល់ពាណិជ្ជករ និងក្រុមអាជីវករ នៅខេត្តបាត់ដំបង មិនត្រូវធ្វើការប្រកួតប្រជែងណា ដែលនាំឲ្យបាត់សីលធម៌ គុណធម៌ និងភាពទំនួលខុសត្រូវនោះទេ អ្វីដែលសំខាន់គឺត្រូវផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់ដោយភាពស្មោះត្រង់ ។ ឯកឧត្តម បានបន្តទៀតថា ច្បាប់ដែលត្រូវបានយកមកផ្សព្វផ្សាយនាពេលនេះ រួមមាន ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវាជាដើម ៕