រុស្ស៊ីប្រកាស នឹងដកខ្លួនចេញពីអង្គការ WTO និង WHO

មូស្គូ ៖ សភាជាន់ទាបរបស់រុស្ស៊ី សភារដ្ឋឌូម៉ា គ្រោងនឹងពិភាក្សាអំពីសក្តានុពលនៃការដកប្រទេសចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការសុខភាពពិភពលោក (WHO)។ នេះបើយោងតាមលោក Pyotr Tolstoy អនុប្រធានសភារុស្ស៊ីដែលបានថ្លែងឲ្យដឹងកាលពីម្សិលមិញ។
លោក Tolstoy បាននិយាយថា ក្រសួងការបរទេសរុស្ស៊ីបានបញ្ជូនបញ្ជីនៃកិច្ចព្រមព្រៀងបែបនេះទៅកាន់រដ្ឋឌូម៉ា ហើយរួមគ្នាជាមួយក្រុមប្រឹក្សាសហព័ន្ធ (សភាជាន់លើ) យើងគ្រោងនឹងវាយតម្លៃកិច្ចព្រមព្រៀងទាំងនោះ បន្ទាប់មកនឹងស្នើឱ្យដកខ្លួនចេញពីកិច្ចព្រមព្រៀងទាំងនោះ ។
លោកបាននិយាយបញ្ជាក់ថា រុស្ស៊ីបានដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុបរួចហើយ ឥឡូវនេះជាជំហានបន្ទាប់គឺការដកខ្លួនចេញពី WTO និង WHO ដែលបានមិនអើពើនឹងកាតព្វកិច្ចទាំងអស់ទាក់ទងនឹងប្រទេសរបស់យើង។
លោក Tolstoy ថា រដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងពិនិត្យឡើងវិញនូវកាតព្វកិច្ច និងសន្ធិសញ្ញាអន្តរជាតិរបស់រុស្ស៊ី ដែលបច្ចុប្បន្នមិននាំមកនូវផលប្រយោជន៍ណាមួយ ប៉ុន្តែធ្វើឱ្យខូចខាតដោយផ្ទាល់ដល់ប្រទេសទៅវិញនោះ។
លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែមេសាកន្លងទៅថា ការរឹតបន្តឹង “ខុសច្បាប់” ដែលដាក់លើក្រុមហ៊ុនរុស្ស៊ីដោយរដ្ឋការលោកខាងលិច គឺដំណើរការផ្ទុយនឹងច្បាប់របស់ WTO ហើយបានប្រាប់រដ្ឋាភិបាលឱ្យធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងអង្គការត្រឹមថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
ការសម្រេចចិត្តនេះបានកើតឡើងចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចយ៉ាងសន្ធឹកសន្ធាប់មកលើទីក្រុងមូស្គូជុំវិញប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ កន្លងទៅ ខណចាប់តាំងពីពេលនោះមក ប្រទេសរុស្ស៊ីត្រូវទទួលរងនូវការរឹតបន្តឹងគោលដៅប្រហែល ១០. ០០០ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានទណ្ឌកម្មច្រើនបំផុតក្នុងពិភពលោក៕