សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ទទួលថវិកាពីសប្បុរសជន ក្នុងឱកាសខួបទី១៥៩ ទិវា ពិភពលោកកាកបាទក្រហមអឌ្ឍច័ន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២២
(បន្ទាយមានជ័យ)៖កាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា នឹងបន្តពង្រឹងភាពធន់សហគមន៍ នេះគឺជាប្រធានបទអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍច័ន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២២។កាលពីថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភាឆ្នាំ ២០២២ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ពិធីប្រគល់ទទួលថវិកាពីសប្បុរសជននៅក្នុងក្រុងប៉ោយប៉ែត រួមមាន មន្ត្រីរាជការ លោកឧកញ៉ា អាជីវករ អស់លោក លោកស្រី ប្រមាណជាង ៦០នាក់។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានថ្លែងនូវអគុណចំពោះ មន្ត្រីរាជការ លោកឧកញ៉ា លោក លោកស្រី ក្រុមហ៊ុន អាជីវករ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ជូនដល់សាខាកាកបាទក្រហម ដើម្បីសាខាមានធនធានយកមកធ្វើសកម្មភាពមនុស្សធម៌ ឲ្យស្របទៅនឹងគោលការណ៍គ្រឹះទាំង ៧ របស់ចលនាកាកបាទក្រហម ដើម្បីឆ្លើយតបនៃគ្រោះមហន្តរាយផ្សេងៗ និងដល់គ្រួសាររងគ្រោះទីទាល់ក្រគ្មានទីពឹង។
ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ នៅក្នុងប្រទេសឲ្យសាកសម ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ក្នុងស្ថានភាព ដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើង កំពុងខិតខំប្រឹងប្រែងបង្កាការពារប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ19 ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសហគមន៍ និងសេដ្ឋកិច្ច ដើម្បីអបអរសាទរខួបលើកទី ១៥៩ របស់កាកបាទក្រហមអឌ្ឍច័ន្ទក្រហម សាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ បានកៀងគរមូលនិធិនឹងស្វាគមន៍ការចូលរួម បរិច្ចាកទ្រព្យធនផ្ទាល់ខ្លួនពីសំណាក់ ឯកឧត្តមលោកជំទាវ លោកឧកញ៉ា សប្បុរសជននានា ហើយមូលនិធិដែលសាខាទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាននោះ សាខាកាកបាទក្រហមនិងយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាពដោយមិនប្រកាន់ពូជសាសន៍ឬ និន្នាការនយោបាយអ្វីនោះឡើយ។ថវិកាដែលសាខាកាកបាទក្រហមទទួលបាននាពេលនេះ ជាបណ្ដុះអាសន្នចំនួន គិតជាដុល្លាសហរដ្ឋអាមេរិច ៨២,៦៥៦.៦២ ៕