ពិធីបើកវិញ្ញាសារប្រឡងវិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សា ២០២២-២០២៣ នៅសាលាពុទ្ធិកវិទ្យាល័យ សម្ដេចជាស៊ីម ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖បេក្ខសមណៈ បេក្ខជនចំនួន ២៧០អង្គ នាក់ ត្រូវបានធ្វើការប្រឡងវិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សា ២០២២–២០២៣ នៅសាលាពុទ្ធិកវិទ្យាល័យ សម្ដេចជាស៊ីម ក្នុងបរិវេណវត្ត ចមសុទ្ធាវាស ហៅវត្ត ស្វាយចាស់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងថា វិញ្ញាសាប្រឡងនាថ្ងៃនេះមានចំនួន ៦ មុខវិជ្ជា
ទី១ វិញ្ញាសាភាសាបាលី
ទី២ វិញ្ញាសាតែងសេចក្ដី
ទី៣ វិញ្ញាសាប្រវត្តិ ភូមិ វិទ្យាសាស្ត្រអនុវត្ត
ទី៤ វិញ្ញាសាពុទ្ធវិន័យ ពុទ្ធប្រវត្តិ
ទី៥ វិញ្ញាសាសរសេរតាមអាននិង
ទី ៦ វិញ្ញាសាគណិតវិទ្យា។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ក្នុងការអភិវឌ្ឍន៍វិស័យអប់រំកម្ពុជា ជាមួយនឹងការចាប់ផ្ដើមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ សម្រាប់នីតិកាលទី ៦ នៃរដ្ឋភា បានដាក់ចេញគោលនយោបាយអប់រំជាតិគឺ ការពង្រឹងគុណភាពវិស័យអប់រំ ពោលគឺលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ។ ចំពោះវិស័យពុទ្ធិកសិក្សាវិញ រាជរដ្ឋាភិបាលក៏បានដាក់ចេញនៅកម្មវិធីនយោបាយ បន្តការគោរពសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ជាពិសេសការបន្តពង្រឹងនិងពង្រីកវិស័យពុទ្ធិកសិក្សា ឱ្យមានទាំងបរិមាណនិងគុណភាព នៅគ្រប់កម្រិត។ព្រះសង្ឃ នៅក្នុងខេត្តបន្ទាយមានជ័យនេះ ព្រះអង្គតែងតែយកចិត្តទុកដាក់ក្នុងការសិក្សា ធម៌វិន័យបានខ្ជាប់ខ្ជួន ជាពិសេសព្រះអង្គបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួន ព្រះអង្គជាសមណសិស្ស ដើម្បីត្រៀមខ្លួនក្នុងការប្រឡងយកវិញ្ញាបនបត្រកម្រិតពុទ្ធិកបឋមសិក្សា(បាលីរង)។ ជឿជាក់ថាព្រះពុទ្ធសាសនានៅកម្ពុជាយើង អាចគង់វង្សយូរអង្វែងបាន អាស្រ័យលើព្រះគុណម្ចាស់ និងពុទ្ធបរិស័ទគ្រប់រូបបានសិក្សាព្រះបរិយត្តិ និងបដិបត្តិតាមមាគ៌ាដ៏ត្រឹមត្រូវ របស់ព្រះពុទ្ធជាម្ចាស់៕