លោក សៀ សំណាង ស្នើឲ្យគ្រូពេទ្យបង្អែកស្រុកពារាំង យកចិត្តទុក្ខដាក់ផ្តល់សេវាពិនិត្យនឹងព្យាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនមានការរើសអើង
(ព្រៃវែង)៖ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នឹងការជួសជុលកែលំអរអាគារមន្ទីពេទ្យបង្អែកស្រុកពារាំង ដែលជាអំណោយរបស់សមាគមន៍និកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយតាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ក្រោមអធិបតីភាពលោកជំទាវ វី សាឌី តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនោះ លោក សៀ សំណាង នាយកសមាគមន៍និកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានលើកឡើងថា ឥឡូវនេះយើងបានរួមគ្នាស្ថាបនា នឹងជួសជុសអាគារមន្ទីពេទ្យថ្មីបានហើយ ដើម្បីជួយសម្រួលដល់ការពិនិត្យ នឹងព្យាបាលដល់ប្រជាពលរដ្ឋ ក៏ដូចជាជួយសម្រួលដល់លោកគ្រូ អ្នកគ្រូពេទ្យ ក្នុងការផ្តល់សេវាព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋទូទៅ។ប៉ុន្តែក៏សូមឲ្យលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ យកចិត្តទុក្ខដាក់ក្នុងការផ្តល់សេវាពិនិត្យនឹងព្យាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនមានការរើសអើង។
ជាមួយគ្នានោះដែរលោកជំទាវ វី សាឌី បានសម្ដែងនូវការកោតសរសើរចំពោះការរួមកម្លាំងសាមគ្គីគ្នាកសាងបាននូវសមិទ្ធផលនានា នឹងការជួសជុលកែលំអរអាគារមន្ទីពេទ្យបង្អែក ស្រុកពារាំង ដែលជាគុណប្រយោជន៍នៃវិស័យសុខាភិបាល ហើយការប្រឹងប្រែងអភិវឌ្ឍវិស័យសុខាភិបាល ដើម្បីសម្រួលដល់តម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ ក្នុងការមកពិនិត្យ នឹងព្យាបាលជំងឺ។
លោកជំទាវ បន្ថែមថា មកដល់ពេលនេះយើងពិតជាមានមោទកភាព យើងបានធ្វើឱ្យប្រទេសជាតិយើងកាន់តែមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ហើយយើងសង្ឃឹមថាបន្តធ្វើឱ្យមានការអភិវឌ្ឍកាន់តែរីកចំរើនថែមទៀត៕