សម្ពោធឆ្លងមហាកុដ្ឋិនៅវត្តវេឡុងវនោទ្យាន និងបញ្ចុះបឋមសិលាសាងសង់អគារសាលាបឋមសិក្សាស្វាយចេក

(បន្ទាយមានជ័យ)៖មហាកុដិ ១ខ្នង ដែលមានបណ្តោយ១៦ម៉ែត្រ ទទឹង១២ម៉ែត្រ ដំបូលប្រក់ក្បឿង មាន១៣បន្ទប់ នៅវត្តវេឡុវនោទ្យាន ស្ថិតនៅក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធឆ្លង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាឡៃ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា អភិបាលខេត្ត ក្រុមប្រឹក្សារខេត្ត កងកម្លាំងទាំងបីប្រភេទ និងមន្ទីរជុំវិញខេត្តផងដែរ។
នាឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានថ្លែងការកោតសរសើរនិងអរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយដែល បានចូលរួមបរិច្ចាគសទ្ធាជ្រះថ្លាចូលរួមសាមគ្គីកសាងនូវសមិទ្ធផលដ៏ស្កឹមស្កៃឲ្យបានរួចរាល់ជាស្ថាពរ ទុកសម្រាប់ព្រះសង្ឃប្រើប្រាស់។ស្របពេលដែលប្រទេសជាតិកំពុងតែមានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ពិសេស គឺវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ហើយត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងលើកតំកើនព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ទុកសម្រាបជាទីសក្ការៈគោរពបូជា និងប្រតិបត្តិពីសំណាក់ពុទ្ធបរិស័ទទូទៅ។
ទន្ទឹមនោះឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារសន្តិភាពជាមួយរាជរដ្ឋាភិបាលឱ្យបានគង់វង្ស ពីព្រោះមានសន្តិភាពគឺមានការរីកចម្រើន មានសន្តិភាពគឺមានការអភិវឌ្ឍ សុខសន្តិភាពបានធ្វើឱ្យយើងទាំងអស់គ្នាមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបមុខរបរ ដើរលេងកំសាន្ត និងការបំពេញបុណ្យកុសល្យជាដើម៕