ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុង

ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ថ្លែងជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានជម្រាបជូនអង្គពិធី ក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សរីករាយឥតឧបមា និងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងគារវកិច្ចយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកោះកុង ដែលបានឆ្លៀតឱកាសដ៏មមាញឹកបំផុតអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុងដ៏មានសារៈសំខាន់នាពេលនេះ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងអង្គសន្និបាតទាំងមូល នាងខ្ញុំសូម គោរពអនុញ្ញាតធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីកិច្ចដំណើរការ និងលទ្ធផលនៃសន្និបាតជូន សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មេត្តាជ្រាប ដូចខាងក្រោម ៖
-អង្គសន្និបាត មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង-ស្រុក មន្ត្រីរាជការ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំ សង្កាត់ និងតំណាងសង្គមស៊ីវិល សរុប ចំនួន២៣៧នាក់ ស្រី៣៨នាក់។
-អង្គសន្និបាតក៏បានស្តាប់នូវរបាយការណ៍ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងរបាយការណ៍ ស្តីពីការបូកសរុបវាយតម្លៃលទ្ធផលការងារក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ រួមទាំងយន្តការគាំទ្រឃុំ-សង្កាត់ និងបានបែងចែកអង្គសន្និបាត ជា០២ក្រុម ដើម្បីពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តបន្ត។
អង្គសន្និបាតទាំងមូល បានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ឋផលការងារ របស់រដ្ឋបាលខេត្តឆ្នាំ២០២១ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹង ចំពោះទិសដៅការងារ ឆ្នាំ២០២២ ដែលរដ្ឋបាលខេត្ត បានដាក់ចេញសម្រាប់យកទៅអនុវត្តបន្ត និងបានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារសម្រេច បានលទ្ឋផលល្អប្រសើរ នាពេលកន្លងមក។ លទ្ឋផលសំខាន់ៗ សាធារណៈនិងរបៀបរៀបរយនៅតាមទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗ កិច្ចការបំរើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋាន ការងារអត្តសញ្ញាណកម្ម កិច្ចការពន្ធនាគារ ការលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់មន្ត្រីគ្រប់ជាន់ថ្នាក់ កិច្ចការទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការខិតខំសហការ រួមគ្នាក្នុងការផ្សព្វផ្សាយនិងជំរុញឱ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការពង្រឹងរបៀបរបប និងប្រសិទ្ធភាពការងារ និងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង។
ទន្ទឹមនឹងលទ្ធផលខាងលើនេះ អង្គសន្និបាតក៏បានកត់សម្គាល់ អំពីបញ្ហាសេសស់ និងបញ្ហាប្រឈម ដែលអនុវត្តពុំទាន់បានល្អប្រសើរ ដែលត្រូវបន្តយកចិត្តទុកដាក់រួមគ្នាដោះស្រាយ ដូចខាងក្រោម៖
-បញ្ហាជម្លោះដីធ្លី ដែលកើតមាន នៅតាមបណ្តាមូលដ្ឋាន
-ការចេញប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ
-ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
-ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
តាមរយៈបញ្ហាប្រឈម ដែលបានរកឃើញខាងលើ អង្គសន្និបាតក៏បានប្ដេជ្ញាចិត្ត ដោយរួមគា្ន កំលាំងសរុប មធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយប្ដេជ្ញ ចិត្តលើកកម្ពស់ស្មារតី និងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចឱ្យបានកាន់តែល្អ ប្រសើរ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ តាងនាមឱ្យថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្ត និងនាងខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាល និងសម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកោះកុង ដែលតែងតែគិតគូរ សុខទុក្ខនិង សុខុមាលភាពរបស់
ប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជាប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលបច្ចុប្បន្ននេះ ប្រជាជនប្រមាណ ៩៣.៧៣ភាគរយ នៅខេត្តកោះកុង បានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ បានដោយជោគជ័យគួរជាទីមោទនៈបំផុត។ ជាពិសេសប្រជាពលរដ្ឋទូទាំងខេត្តកោះកុង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចពិជ័យសេនា ដែលបានខិតខំគិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តកោះកុង ដោយផ្ទៃដីចំនួន ១៥០.០២០,៣៩(មួយរយ ហាសិបពាន់ សូន្យរយម្ភៃ កៀស សាមសិបប្រាំបួន)ហិកតា ត្រូវបានកាត់ឆ្កៀលចេញពីតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដើម្បីធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត និងសង្គមសម្រាប់បម្រើផលប្រយោជន៍សាធារណៈ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer