ព័ត៌មានជាតិ

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បន្តនាំយក អាវរងា មុង និងភួយ អំណោយរបស់កាកបាទក្រហមកម្ពុជា មកផ្ដល់ជូនចាស់ជរាទីទ័លក្រ ចំនួន ១៣០នាក់ មកពី៧ឃុំ ក្នុងស្រុកបាទី

តាកែវ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ចំពោះគ្រួសារប្រជាពលរដ្ឋចាស់ជរាទីទ័លក្រ ដែលងាយរងគ្រោះនារដូវរងារឈានចូលមកដល់នេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែ ធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិកាសាខា មន្ត្រីប្រតិបត្តិសាខា ប្រធានមន្ទីរជុំវិញខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកជូនប្រជាពលរដ្ឋចាស់ជរាទីទ័លក្រចំនួន ១៣០នាក់ មកពី ៧ឃុំ ស្រុកបាទី ខេត្តតាកែវ ដែលពិធីនេះរៀបចំឡើងក្នុងបរិវេណវត្តសរីជោត្តវ័ន ស្ថិតឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកបំផុត ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែ យកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់គ្រួសារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះនៅគ្រប់ទីកន្លែង ដោយមិន ប្រកាន់បក្សពួក និន្នាការនយោបាយ ពូជសាសន៍ សាសនាអ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ជាបន្ត ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ (Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលកំពុងមានការឆ្លងខ្លាំងគួឱ្យបារម្ភបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ គោរពតាមការណែនាំ របស់អាជ្ញាធរមូលដ្ឋាន ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (បីការពារ បីកុំ និងពីរចូលរួម ) ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខា ភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើង នៅក្នុងប្រទេសយើង។ សូមជម្រាបជូនដែរថា អំណោយដែលបានមកផ្ដល់ជូនរួមមាន៖ អាវរងារ១ មុង១ ភួយ១ និងថវិកាក្នុងម្នាក់ៗ ១ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button