ព័ត៌មានជាតិ

សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ អគារទីស្នាក់​ការត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត (ក​ម្ពុជា​​-ថៃ)

(បន្ទាយមានជ័យ)៖ អគារទីស្នាក់​ការត្រួតពិនិត្យច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត (កម្ពុជាថៃ) ខេត្ត​បន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២​២នេះ ក្រោមអធិបតីភាពសម្តេចក្រឡា​ហោម ស ខេង ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីប្រធា​នអាជ្ញាធរជាតិប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន និងជា​ប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ​ខេត្តបន្ទាយមានជ័យ ។

 

ពិធីនេះក៏មានកា​រអញ្ជើញចូលរួមពី​ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួ​ងទេសចរណ៍ ឯកឧត្តមរដ្ឋលេ​ខាធិការ​ប្រចាំការក្រសួងម​ហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រសួង​ទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសា​ធារណការ និងដឹកជញ្ជូន ឯកឧត្តម អភិបាល​ខេត្តបន្ទា​យមានជ័យ ឯកឧត្តប្រធាន​ក្រុមប្រឹក្សារខេត្ត អភិបា​លស្ដីទី​ខេត្តស្រះកែវ ព្រមទាំ​ងសមត្ថកិច្ច​ពាក់ព័ន្ធមួយចំនួន​ទៀត។

 

យោងតាមរ​បាយ​ការណ៍ អគា​រទីស្នា​ក់ការត្រួត​ពិនិត្យ ច្រកទ្វារព្រំដែ​នអន្តរជាតិប៉ោយប៉ែត កម្ពុជាថៃ បានប្រារព្ធពិ​ធីបញ្ចុះបឋ​មសិលាបើកកា​រដ្ឋានសាងសង់ កាល​ពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ និង​បានប​ញ្ចប់​ការសាងសង់កាល​ពីថ្ងៃទី២ ខែសី​ហា ឆ្នាំ២០២១ ដែលជា​ថវិការបស់​រាជរដ្ឋាភិ​បាលក​ម្ពុជា។អគារ​ទាំងនេះរួ​មមាន អ​គារបំ​ពេញបែបប​ទចេញចូល មា​នទំហំ៣៥,៨០ម៉ែត្រ គុណ៥៦,​៣៩ម៉ែ​ត្រ កម្ពស់​៣ជាន់ បំពាក់ដោ​យឧបករណ៍ បរិក្ខាអគ្គី​សនី ម៉ាស៊ីនត្រជាក់ កង្ហារប៊ឺតខ្យល់ បណ្ដា​ញការពារអគ្គិភ័យ កាំ​មេរ៉ាសុវត្ថិភាព ប្រព័ន្ធទូ​រសព្ទ ប្រព័​ន្ធអ៊ីនធើណែត ប្រព័ន្ធសម្លេង​ប្រព័ន្ធការ​ពាររន្ទះ ជណ្ដើ​រយន្តចំនួន៤ និងចែក​ជាពីរផ្នែក ផ្នែកខា​ងស្ដាំប្រើប្រា​ស់សម្រាប់អ្នកដំណើរចេញ និងផ្នែក​ខាងឆ្វេងសម្រាប់អ្នកដំណើរមកដល់។

ទន្ទឹមគ្នានេះ​ហេដ្ឋារចនាសម្ព័ន្ធក្រៅអគា​រក៏ត្រូវបានជួសជុល​ដោយរួមមាន ជួសជុលកែល​ម្អរអគារ​បំពេញបែប​បទចាស់សម្រាប់មន្រ្តីស្នាក់នៅ សាងសង់ អគារសម្រាប់​អ្នកដំណើររ​ង់ចាំចេញ និងម​កដល់ចំ​នួន២ខ្នង ស្ថាបនាផ្លូវបេ​តង់អ៊ុតកៅស៊ូ រៀបចំ​សួនច្បារ តម្លើង​បង្គោលភ្លើងបំភ្លឺ សាងស​ង់របងព័ទ្ធជុំវិញ តម្លើងត្រង់ស្វ័រ និងតបណ្ដាញទឹកចូលបរិវេណអគារ។សមិទ្ធិផ​លខាងលើ​នេះនឹង​បង្កល​ក្ខណៈងាយស្រួលដល់ភ្ញៀវជាតិ អន្តរជាតិ បង្ការទ​ប់ស្កាត់​បទល្មើស​ឆ្លងដែន ឆ្លើយ​បតាម​សំណូមពរ និងស្ថានភាព​ជាក់ស្ដែងរបស់មន្រ្តីជំ​នាញ

 

អញ្ជើញមាន​ប្រសាសន៍ទៅកាន់អង្គពិធីនាឱ​កាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយ​ករដ្ឋ​មន្ត្រី បានថ្លែងអំណរគុណ និងកោត​សរសើរចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់របស់​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធដែល​បានយកចិត្តទុកដា​ក់យ៉ាងសកម្មជាមួយក្រសួង​មហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត និងអង្គភាព​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំងក្រុមវិស្វករជំនាញ សម្រាប់កិច្ចខិត​ខំប្រឹងប្រែងរួម​គ្នាជម្នះការលំ​បាកផ្សេងៗ រហូតធ្វើឱ្យសម្រេចបា​នសមិទ្ធដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។

 

ក្នុងនោះសម្ដេចក្រឡាហោម បានរម្លឹកថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ជាច្រកទ្វារ​ឆ្លងកាត់ព្រំ​ដែនមានអា​យុកាលចំណាស់មួយនៅកម្ពុជា។សម្ដេចក៏បានថ្លែងអំ​ណរគុណរាជរដ្ឋាភិបាលថៃ ពិសេស​រដ្ឋបាលខេត្តស្រះកែវ ដែ​លជានិច្ចជាកាល​បានផ្ដល់កិច្ចស​ហការយ៉ាងល្អជាមួយកម្ពុជា រួមចំ​ណែកអភិវឌ្ឍន៍តំប​ន់ប៉ោយ​ប៉ែត​និយាយដោយ​ឡែក និងព្រះរាជា​ណាចក្រកម្ពុជានិយាយជារួមសម្ដេច​ក៏បានថ្លែងអំ​ណរគុណ​រដ្ឋបា​លខេត្តបន្ទាយមា​នជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដែល​បាន​ខិតខំ​អភិវឌ្ឍក្រុងឱ្យមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេសក្រោយ​ពេលរាជរដ្ឋាភិបាល​សម្រេច​បង្កើតក្រុងប៉ោយប៉ែត

 

សម្ដេចបានគូសបញ្ជាក់ថា ច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងក​ន្លែងផ្ដល់សេវា​សាធារណៈ​មួយ​ជូនព​លរដ្ឋខ្មែរ និងជនបរទេ​សដែលត្រូវធ្វើដំ​ណើរ ដឹកទំនិញ ចេញចូល តាមគ្រប់មធ្យោបាយ និង​ចម្រុះ​ជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័​ន្ធមានតួនាទីបង្កលក្ខណៈ​ងាយស្រួលគ្រប់បែបយ៉ាង រួមទាំងកា​រត្រួតពិនិត្យ ដើម្បីរកឱ្យឃើញប​ទល្មើស​ នៃការចេញចូលនោះដែរ។សម្ដេចបន្ថែមថា ច្រកទ្វារអន្ត​រជាតិនេះ ក៏ជាច្រកទ្វារសំខា​ន់នៃការធ្វើដំ​ណើររបស់ភ្ញៀ​វទេសចរណ៍ឆ្ពោះ​ទៅរាជធានី​ភ្នំពេញ​តាមផ្លូវជា​តិលេខ៥ និងខេត្តសៀមរា​បតាមផ្លូវជាតិលេខ៦ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button