ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្វាយរៀង រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ “សុវត្ថិភាពចរាចរណ៍សម្រាប់កុមារ” នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង

 

នាព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ “សុវត្ថិភាពចរាចរណ៍សម្រាប់កុមារ” នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ដែលកម្មវិធីនេះរៀបចំដោយក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង មន្ទីរអប់រំយុវជនខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស.ស.យ.ក. និងវិស័យសាធារណការ និងដឹកជញ្ជូន។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោកស្នងការរងនគរបាលខេត្ត លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្រីអភិបាលរងក្រុងស្វាយរៀង លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ១០០នាក់។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងអប់រំកុមារថ្នាក់បឋមសិក្សាឱ្យបានយល់ដឹងអំពីភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗដែលកុមារគួរយល់ដឹង វិធានក្នុងការឆ្លងផ្លូវឱ្យមានសុវត្ថិភាព បម្រាមផ្សេងៗដែលកុមារគួរជៀសវាងនៅពេលប្រើប្រាស់ដងផ្លូវ។
មុននឹងបញ្ចប់កម្មវិធី ក៏មានកម្មវិធីបំពាក់មួកជាអនុស្សាវរីយ៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជានិមិត្តរូបផងដែរ។ សូមបញ្ជាក់ថា សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានអញ្ជើញចូលរួមកម្មវិធីនេះ ក៏ទទួលបានមួកសុវត្ថិភាពម្នាក់មួយផងដែរ៕​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button