ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨៣គ្រួសារ ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ
នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងឯកឧត្តម ឈាង ឡាក់ អនុប្រធានកត្តិយស និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវលោក លោកស្រី ដែលជាអនុប្រធានកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកបុរីអូរស្វាយសែនជ័យ និងអ្នកស្ម័គ្រចិត្ត បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាអង្កររបស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨៣គ្រួសារ ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការព្រួយបារម្ភជាប់ជានិច្ចពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ជាពិសេសុខទុក្ខរបស់លោកយាយលោកតាដែលជនចាស់ជរា គឺជាការយកចិត្តទុកដាក់ដ៏ខ្ពស់របស់សម្តេចប្រធាន ដែលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា និងបាននាំយកអំណោយទាំងនេះដើម្បីជួយសម្រាលការលំបាកជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។
សូមបញ្ជាក់ថា អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ១យួរ, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងជែលលាងដៃចំនួន១ដប ហេីយនោះលោក ហេង លីមហួរ អនុប្រធានកិត្តិយសសាខា បានផ្តល់ជូនអំណោយផ្ទាល់ខ្លួនរបស់លោក ក្នុងមួយគ្រួសារទទួលបាន នំប៉័ង៥ដេីម,ត្រីខ ២កំប៉ុង ,ទឹកបរិសុទ្ធចំនួន១យួរ ផងដែរ៕