ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញទិសដៅការងារសំខាន់ៗដែលត្រូវអនុវត្តបន្ត

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញទិសដៅការងារសំខាន់ៗដែលត្រូវអនុវត្តបន្ត។
កិច្ចប្រជុំមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីអភិបាលរងខេត្ត ស្នងការ មេបញ្ជាការកងកម្លាំង នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុក។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗដូចជា ការបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ បទល្មើសនេសាទជាពិសេសការឆក់ត្រីនៅតំបន់បឹងទន្លេសាប ការបន្តយកចិត្តទុកដាក់គ្រប់គ្រងដីព្រៃលិចទឹកនៅតំបន់៣ ការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិសេសវីរុសបម្លែងថ្មីប្រភេទអូមីក្រុង ការបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ពិសេសការចាក់ដូសជំរុញ ការត្រៀមលក្ខណៈឆ្លើយតបគ្រោះមហន្តរាយជាយថាហេតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឲ្យមានការប្រែប្រួលរីកចម្រើន ការជំរុញកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជនឲ្យមានភាពស្រស់បំព្រង មានអនាម័យ បរិស្ថានល្អ និងការងារសំខាន់ៗមួយចំនួនទៀត៕



