រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកត់សំគាល់ និងវាយតម្លៃវិជ្ជមានបំផុតលើ ឆន្ទៈរៀនសូត្រដោយភាពរីករាយ របស់មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ ចំពោះវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ និងនាវានុវត្តន៍ ” ដែលឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដឹកនាំបណ្តុះបណ្តាលដោយផ្ទាល់តាំងតែពីដំបូង រហូតពេលបច្ចុប្បន្ន។
ជាមួយគ្នានោះឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ផ្តាំផ្ញើរ ដល់គ្រប់អ្នកដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ ផ្តោតលើ ប្រាំទិដ្ឋភាពនៃភាពជាអ្នកដឹកនាំ រួមគ្នា៖
១– ដឹកនាំ ត្រូវចេញពីការស្រលាញ់ដោយពិតប្រាកដ ដោយបេះដូង
២– ដឹកនាំ ត្រូវឈរលើគំនិតប្រាជ្ញា បែបគតិបណ្ឌិត (គិតល្អ គិតត្រូវ សំដៅប្រយោជន៍រួមទាំងអស់គ្នា)
៣– ដឹកនាំ គឺត្រូវការធ្វើដោយផ្ទាល់ បង្ហាញដោយផ្ទាល់ ធ្វើជាគំរូ
៤–ដឹកនាំ គឺសំដៅលើកិច្ចការដែលត្រូវធ្វើអោយបានល្អបំផុត រហូតធ្វើបានបានជាទម្លាប់ និងបង្កើតជាប្រពៃណីល្អយូរអង្វែង
៥– ដឹកនាំ ត្រូវមានសុខភាពបរិបូរណ៍ ផ្តើមពីខ្លួនម្នាក់ៗ។បន្ថែមពីលើនេះ គឺត្រូវស្រលាញ់ និងបន្តការរៀនសូត្រ ការបណ្តុះបណ្តាលបន្ត បង្កើនសមត្ថភាពខ្លួនជាគ្រូពេទ្យ ជាគិលានុបដ្ឋាក–យិកា ជាឆ្មប ជាអ្នកចូលខ្លួនចូលរួមថែទាំអ្នកជំងឺ ប្រកបដោយសមត្ថភាពខ្ពស់ជឿទុកចិត្តបាន ប្រកបដោយគុណធម៌ ផ្តល់គំរូដល់សហភាតរដទៃគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីជាប្រយោជន៍រួមធានាការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕