អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន យាងចុះសួរសុខទុក្ខប្រជាពលករ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
![](https://firstnewsexpress.com/wp-content/uploads/2024/04/៣-780x470.jpg)
ខេត្តបាត់ដំបង៖នៅវេលាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ និងឯកឧត្ដម សាស្ត្រាចារ្យ ប៉ោយ ឈិនឡុង រួមទាំងសហការី យាង និងអញ្ជើញចុះសួរសុខទុក្ខប្រជាពលករ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមាន អជ្ញាធរមូលដ្ឋាន មន្រ្តីកងកម្លាំងដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ប្រជានុរាស្ត្រក្មេងចាស់ប្រុសស្រី ប្រជាពលករ និងអាជីវករបានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ហើយ បានសំណេះណាលសាកសួរសុខទុក្ខ
បងប្អូនប្រជានុរាស្ត្រនៅក្នុងតំបន់នោះប្រកបដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម ។ថ្លែងក្នុងពិធីសំណេះសំណាលនោះអ្នកអង្គម្ចាស់ បានផ្តាំផ្ញើអោយពលករចំណាកស្រុកទៅធ្វេីការនៅប្រទេសថៃ ត្រូវគោរពច្បាប់ប្រទេសជាសាម៉ី និង ច្បាប់ការងារអោយបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងជីវភាពគ្រួសាររៀងៗខ្លួន។
ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន រួមទាំងក្រុមការងារនិង អ្នកស្រី ចន្ធី បាននាំយកអំណោយចែកជូនដល់បងប្អូនពលករខ្មែរ រួមនិងមន្រ្តីប្រចាំការមុខច្រកដូង រួមមានៈ បាយចំនួន ៣០០ ប្រអប់ និង ទឹកសុទ្ធ ចំនួន១៥០យួរ ក្រម៉ាក ន្សែងខ្មែរ ចំនួន១០០ ។ ក្នុងនោះអ្នកអង្គម្ចាស់ បានជូនទឹកសុទ្ធចំនួន១០០យួរ និង ថវិកា៥០០,០០០(ហាសិបម៉ឺនរៀល)ព្រមទាំងក្រម៉ា ទុកជាអនុស្សាវរីយ៍ដល់បងប្អូនមន្រ្តីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិដូងផងដែរ។
បន្ទាប់មក អ្នកអង្គម្ចាស់ រួមនឹងក្រុមការងារ បានយាងនិងអញ្ជើញបន្តចុះសួរសុខទុក្ខអាជីវករនៅក្នុងផ្សារខេ.អ.ឌី (K.R.D)បន្តទៀត តាងនាមអ្នកអង្គម្ចាស់ផ្ទាល់ សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។ទាំងមន្ត្រី និងប្រជានុរាស្រ្ត មានសេចក្តីត្រេកអរយ៉ាងពន់ពេកចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់ មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តបន្ថែមទៀត។ជាទីបញ្ចប់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធីដែន សូមផ្តាំផ្ញើដល់
បងប្អូនប្រជានុរាស្ត្រខ្មែរទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ៕