បញ្ជូនខ្លួនមុខសញ្ញាចោរលួចយ៉ាងសកម្ម នៅក្រុងសិរីសោភ័ណ ចំនួន៤នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន០៤នាក់ ដែលជាសញ្ញាចោរលួចយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងនគរបាលសិរីសោភ័ណ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង០៦និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឈ្មោះលឹម ប៊ុនលាង ភេទស្រី អាយុ៥២ឆ្នាំ រស់នៅចំណុចខាងលើ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួន១–ឈ្មោះ សួស សុភី ហៅខ្មៅ ភេទប្រុសអាយុ១៦ឆ្នាំ,២–ឈ្មោះ អ៊ុច ឡើយ ភេទប្រុស អាយុ១៩ឆ្នាំ,៣–ឈ្មោះ ញឹម ខេន ភេទប្រុស អាយុ១៩ឆ្នាំ និង៤–ឈ្មោះ ផាន់ ផាវ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង០៤នាក់រស់នៅចំណុចខាងលើជាមួយជនរងគ្រោះដែរ។
លោកអធិការនគរបាលក្រុង បានបញ្ជាក់ថា៖ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះថា មានករណីចោរលួចគាស់គន្លឹះទ្វារផ្ទះរបស់ខ្លួន ខណៈពេលគាត់ទៅធ្វើបុណ្យនៅឯភ្នំពេញ យកអស់ស្រាបៀរហ្គេនស្បើតចំនួន១៣កេស,ស្រាបៀរកម្ពុជាចំនួន០៥កេស,ស្រាបៀរ ABC ចំនួន០១កេសនិងទឹកក្រូចមួយចំនួន និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត កម្លាំងបានចុះធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់យកទៅសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះសួស សុភី ហៅខ្មៅ បានសារភាពថា គេនិងបក្សពួក០៣នាក់ទៀតឈ្មោះអ៊ុច ឡើយ–ញឹម ខេន,ផាន់ ផាវ ពិតជាបានធ្វើសកម្មភាពគាស់គន្លឹះទ្វារផ្ទះរបស់ឈ្មោះលឹម ប៊ុនលាង យកស្រាបៀរនោះមែន ខណៈពេលម្ចាស់ផ្ទះមិននៅរវល់ទៅធ្វើបុណ្យឯភ្នំពេញ។ ក្រោយលួចបានពួកគេយកទៅលក់ឲ្យឈ្មោះ វ៉ាន់ ថន ភេទស្រី អាយុ៦៧ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ បានតម្លៃ០១កេស៤ម៉ឺន៩ពាន់រៀល ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៤នាក់ កម្លាំងនរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៩ខែមករា ឆ្នាំ២០២២នេះហើយ ដើម្បីចាត់ការតាមនិតិវិធី៕