សិក្ខាសាលា “ ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទនៃជំងឺកូវីដ-១៩”

បន្ទាយមានជ័យ ៖ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាស្តីពី ” ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទនៃជំងឺកូវីដ–១៩” ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា FASMEC។សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមខេត្តបន្ទាយមានជ័យ តំណាង ធនាគារវីង ខេបូឌា និងម្ចាស់សហគ្រាស អាជីវករ និងដៃគូពាក់ព័ន្ធនានា ចូលរួមប្រមាណ ១៥០នាក់ ផងដែរ។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្ដល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា ស្វែងយល់ពីរបៀបលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក ស្វែងយល់ អំពីដំណើរការនាំចេញ ទទួលបានព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ពន្ធ័នានា ព័ត៌មាន ទាក់ទងនឹង ប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម ក្រុមហ៊ុនដៃគូ។ ជាពិសេស គោលបំណងសំខាន់មួយទៀតគឺប្រមូលបញ្ហាប្រឈមនានាក្នុងអាជីវកម្ម ទាក់ទងនឹងការលក់ផលិតផលទៅកាន់ទីផ្សារក្នុង ស្រុក និងដំណើរការនាំចេញ។
មានចំណាប់អារម្មណ៍ក្នុងសិក្ខាសាលា លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមកម្ពុជា FASMEC មានប្រសាសន៍ថា : ដោយមើលឃើញថា សហគ្រាសធុនតូច និងមធ្យមត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ការជម្រុញទីផ្សារក្នុងស្រុក និងការជម្រុញទីផ្សារទៅ ក្រៅប្រទេស ក៏ដូចជាធនធានរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់ ។
កម្មវិធីសិក្ខាសាលានេះមានការ សហការជាមួយដៃគូឧបត្ថម្ភនៅមានគោលបំណងដើម្បីជួយតម្រុញដល់ទឹកចឡើងរបស់សហគ្រាសតូច និង មធ្យម និងដើម្បីស្នើសុំការគាំទ្រហិរញ្ញវត្ថុ និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងធនាគារដៃគូររបស់ សម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត ។
លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត បានប្រសាសន៍ថា៖ ការរៀបចំកម្មវិធីសិក្ខាសាលានេះ បានស្តែងឲ្យឃើញអំពីការយកចិត្តទុកដាក់របស់វិស័យឯកជនរួមចំណែក ជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី ដែលបាននិងកំពុងបង្កើនល្បឿនអភិវឌ្ឍប្រទេស តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងអំឡុងក្រោយបរិបទនៃជំងឺកូវីដ១៩ ដែលបានកន្លងផុតទៅ។
កម្មវិធីសិក្ខាសាលានៅក្នុងថ្ងៃនេះ គឺពិតជាមានសារសំខាន់ណាស់ ដែលអាចឲ្យយើងរកឃើញនូវបញ្ហាប្រឈមនានា និងអ្វីជាដំណោះស្រាយរួមរបស់ ម្ចាស់សហត្រាសធុនតូច និងមធ្យម ដែលកើតឡើងក្នុងសហគ្រាសផ្ទាល់។ ហើយបញ្ហាប្រឈមដែលកើតចំពោះ ម្ចាស់សហគ្រាសនោះរួមមាន៖ ខ្សែសង្វាក់ទីផ្សារក្នុងស្រុក ការនាំចេញ ការទទួលបានច្បាប់ថ្មីៗ បទប្បញ្ញតិនានា ដែលលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម ហើយដើម្បីរកឲ្យឃើញនូវបញ្ហាទាំងអស់នេះ។
មានមតិបិទអង្គសិក្ខាសាលា លោក ញ៉ីល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានប្រសាសន៍ថា៖ នៅក្នុងខេត្តបន្ទាយមានជ័យមានសហគ្រាសធុនតូច និងមធ្យម នៅមានកង្វះខាតច្រើន ទាំងផ្នែក បច្ចេកទេស ការជម្រុញទីផ្សារក្នុងស្រុក និងការជម្រុញទីផ្សារទៅក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បី ទ្រទ្រង់ ព្រមទាំងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់។ ក្នុងវេលាថ្ងៃនេះ ពិតជាមាន សារៈប្រយោជន៍ជាខ្លាំងដល់សហគ្រាសធុនតូច និងមធ្យម នៅខេត្តបន្ទាយមានជ័យ នឹងលើកទឹកចិត្តអោយ មានការយល់ដឹងបន្ថែមទៀតលើការរៀបចំខ្លួនអោយសមស្រប នឹងនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទានពី ធនាគារ និងជាពិសេសកម្ចីពីធនាគារដៃគូររបស់សម្ព័ន្ធសមាគមសហគ្រាធុនតូច និងមធ្យមកម្ពុជា នេះប្រភព ទុនជាធនធានសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមជាច្រើនត្រូវការធនធាន ហិរញ្ញវត្ថុចាំបាច់ណាស់ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ពួកគាត់។
ជាចុងបញ្ចប់គណៈអធិបតីក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ហើយសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលា ថ្ងៃនេះ និងយកចិត្តទុកដាក់ក្នុងការចូលរួមសកម្មភាពផ្សេងៗតាមរបៀបវារៈនៃកម្មវិធីនេះ ហើយក្រោយពីបានទទួល ការបណ្តុះបណ្តាលក្នុងកម្មវិធីពេញមួយថ្ងៃនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ទាំងអស់នឹងទទួលបានចំណេះ ដឹងថ្មីបន្ថែមទៀតដើម្បីយកទៅអនុវត្ត និងពង្រឹងសម្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីក ចម្រើនបន្ថែមទៀត៕