ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២៥៤ នៅក្នុងស្រុកថ្មគោល

ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងជាអភិបាលខេត្ត និងលោកជំទាវ បានដឹកនាំសមាជិកគណៈកម្មាធិការសាខាខេត្ត ប្រធានមន្ទីរ អង្គភាព និងសប្បុរសជន ព្រមទាំងអាជ្ញាធរ សមត្ថកិច្ច ស្រុក ឃុំ អញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចែកប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន២៥៤គ្រួសារ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
នាឱកាសនោះដែរឯកឧត្តម សុខ លូ បានមានប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីជាសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក្ដី តែសម្ដេចក៏នៅតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលជានិច្ចជាកាល ជាពិសេសប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ដែលត្រូវការជំនួយ សម្ដេចតែងតែខិតខំស្វែងរកនូវធនធាននានាពីសប្បុរសជន ដើម្បីជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាអាណាព្យាបាល ត្រូវតែបន្តអប់រំកូនចៅរបស់ខ្លួន ឲ្យបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពតាមដងផ្លូវ និងដើម្បីកុំឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតមានជាបន្តបន្ទាប់ធ្វើឲ្យរបួស និងបាត់បង់ជីវិត ឬពិការជាដើម ជាពិសេសចៀសវាងឲ្យឆ្ងាយអំពីគ្រឿងញៀន កុំចង់សាកល្បងឲ្យសោះ ព្រោះថាគ្រឿងញៀន ក៏ជាធាតុមួយបង្កឲ្យមានអស្ថិរភាពក្នុងសង្គម បង្កើតជាហិង្សា អំពើកាប់សម្លាប់ ចោរលួចប្លន់ជាដើម ។
ទន្ទឹមនោះដែរឯកឧត្តម បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ–១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្ត ក្រុង ស្រុក បានរៀបចំ ដើម្បីចូលរួម និងកាត់ផ្ដាច់ការឆ្លងជាសហគមន៍ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ–១៩បម្លែងថ្មីអូមីក្រុង ដែលកំពុងរីករាលយ៉ាងឆាប់រហ័សក្នុងសហគមន៍ និងពិភពលោក និងបន្តរក្សាអនាម័យខ្លួនប្រាណ ដើម្បីកុំឲ្យមានការឆ្លងជំងឺផ្សេងៗ ដែលកើតឡើងដោយកង្វះអនាម័យខ្លួនប្រាណ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖អង្ករ ១ ចំនួនការ៉ុង ,មី ចំនួន១ កេស ,ត្រីខ ចំនួន ១ យួរ ,ទឹកបរិសុទ្ធវីឃែរ ចំនួន ១កេស ,ទឹកត្រី ចំនួន១យួរ ,ទឹកស៊ីអ៊ីវ ចំនួន ១យួរ និងជេលលាងដៃ ចំនួន ១ដបផងដែរ៕