ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើនអនុញ្ញាតិឱ្យឯកឧត្តម ឈើតកៀត អាត់ថាកន ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជាចួលជួបពិភាក្សាការងារ

រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកឧត្តម ឈើតកៀត អាត់ថាកន ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជាចួលជួបពិភាក្សាការងារជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគថៃ មកទស្សនា​ និងវិនិយោគនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ជាពិសេសលើវិស័យទេសចរណ៍។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពល និងវិទ្យាសាស្ត្ររបស់ខេត្ត ជាខេត្តតំបន់ឆ្នេរមានប្រជាពលរដ្ឋជាង ៣១ម៉ឺននាក់ មានក្រុង២ ស្រុក៣ ស្មើនឹង ២៩ឃុំ សង្កាត់ ខេត្តមានកោះ៣០ ថ្មដុះពីរ ថ្មប៉ប្រះទឹក៥ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ។ ខេត្តព្រះសីហនុត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥០ ក្រោយពីកម្ពុជាទទួលបានឯករាជ្យ ហើយមានការអភិវឌ្ឍកំពង់ផែសមុទ្រទឹកជ្រៅ មកដល់បច្ចុប្បន្នកំពុងត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ដោយសហការជាមួយអង្គការ JICA ជប៉ុន ពង្រីកកំពង់ផែឱ្យមានជំរៅទឹកកាន់តែជ្រៅ ដើម្បីឱ្យនាវាធុនធំអាចចូលចតបាន។ ខេត្តមានព្រលានយន្តហោះមានផ្លូវរត់វែងជាងគេរបស់កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេស ផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនពីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ផ្តល់ភាពទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ នេះជាមោទនភាពដែលកម្ពុជាមានផ្លូវល្បឿនលឿនទីមួយ។
ឯកឧត្តម អភិបាលខេត្តបានជំរាបជូនបន្តថា រាជរដ្ឋាភិបាលបានអនុគ្រោះដល់ការអភិវឌ្ឍទាក់ទាញភ្ញៀវទេសចរ និងវិនិយោគ ហើយមានជនបរទេសចម្រុះជាតិសាសន៍មកបំរើការងារនៅខេត្តព្រះសីហនុ ទាំងខុសច្បាប់ និងស្របច្បាប់ ក្នុងនោះក៏មានជនជាតិថៃផងដែរ។ យើងក៏បានធ្វើការដោះស្រាយលើល្បែងស៊ីសងខុសច្បាប់ មានភាពល្អប្រសើរ ដោយអនុវត្តតាមវិធានការច្បាប់ និងស្រាវជ្រាវគោលដៅសំអាតប្រាក់ជាដើម។
ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតទំនាក់ទំនងខេត្តបងប្អូនជាមួយប្រទេសថៃចំនួន ២ខេត្ត គឺខេត្តត្រាត និងខេត្តច័ន្ទបុរី។ ខេត្តត្រាតបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការបង្កើតទំនាក់ទំនងជាផ្លូវការលើការបង្កើតខេត្តសម្ព័ន្ធមេត្រីភាព។ រដ្ឋាភិបាលថៃ បានផ្តល់ថវិកាជួយសាងសង់មជ្ឍមណ្ឌលបន្សាប់គ្រឿងញៀននៅខេត្តព្រះសីហនុ ធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែជិតស្និត។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តក៏បានស្នើសុំភាគីថៃ ជួយបណ្តុះបណ្តាលឆ្មាំសមុទ្រកម្ពុជា ដើម្បីជួយសង្គ្រោះជនរងគ្រោះនៅតាមបណ្តោយឆ្នេរ ម្យ៉ាងទៀតខេត្តព្រះសីហនុ និងប្រទេសថៃមានសក្តានុពលដូចគ្នាខាងវិស័យទេសចរណ៍ និងដឹកជញ្ជូនក្នុងតំបន់អាស៊ាន។
ឯកឧត្តម ឈើតកៀត អាត់ថាកន ឯកអគ្គរាជទូតនៃស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណអភិបាលខេត្ត ថ្វីត្បិតតែឯកឧត្តមអភិបាលខេត្ត ជាប់រវល់និងរៀបចំបុណ្យសមុទ្រ ក៏ឯកឧត្តមឱ្យលោក និងសហការរីចូលជួបពិភាក្សាការងារ ហើយនេះជាខេត្តដំបូងគេដែលលោកបានមកធ្វើទស្សនកិច្ច និងចូលរួមបុណ្យសមុទ្រ។
ឯកឧត្តមសង្ឃឹមថា តាមរយៈការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ពិសេសក្នុងឱកាសបុណ្យសមុទ្រ ស្ថានទូតថៃ និងនាំយកក្រុមហ៊ុនថៃមកចូលរួមការតាំងពិព័រណ៍នៅខេត្តព្រះសីហនុ ទន្ទឹមនោះនាំយកសិល្បៈខេត្តច័ន្ទបុរីមកចូលរួមសំដែងផងដែរ។
ឯកឧត្តម ឈើតកៀត អាត់ថាកន បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានបង្កើតខេត្តបងប្អូនជាមួយខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃ និងស្នើសុំឱ្យរដ្ឋបាលខេត្តដាក់លិខិតទៅស្ថានទូតថៃ ពាក់ព័ន្ធនិងកង្វល់ និងបញ្ហាផ្សេងៗ ក្នុងការចុះ MOU ជាមួយខេត្តច័ន្ទបុរី ប្រទេសថៃ ជាខេត្តបងប្អូន។ ហើយការតភ្ជាប់ខេត្តប្រទេសទាំងបី ថៃ កម្ពុជា និងវៀតណាម បង្កើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកមានសារៈសំខាន់ យើងចង់ឃើញកម្ពុជា ជាចំណុចកណ្តាលក្នុងការដឹកជញ្ជូនទេសចរក្នុងតំបន់ លើប្រធានបទ ព្រះរាជាណាចក្រ ជាគោលដៅតែមួយ នៃវិស័យទេសចរណ៍ ដោយអនុវត្តតាមផែនការឆ្នាំ២០២៣-២០២៥ខាងមុខ ផ្តោតសំខាន់លើការដឹកជញ្ជុនតាមផ្លូវសមុទ្រប្រកបដោយនិរន្តរភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button