ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាងចុះសួរសុខទុក្ខ និងនាំយកព្រះអំណោយចែកជូនប្រជានុរាស្រ្ត ដែលមានជីវភាពខ្វះខាត នៅស្រុកជីក្រែង ខេត្តសៀមរាប

(ខេត្តសៀមរាប):ដោយមើលឃើញពីការខ្វះខាតក្នុងជីវភាពនិងទុក្ខលំបាករបស់ប្រជានុរាស្ត្រ កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី អមដំណើរដោយឯកឧត្ដម វុធ ស៊ែ ,ឯកឧត្ដមវិជ្ជបណ្ឌិត ប៉ោយ ឈិន ឡុង ទីប្រឹក្សាផ្ទាល់ និងសហការី យាង និងអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកនូវព្រះអំណោយចែកជូនដល់ស្រ្តីទុគ៌តគ្មានទីពឹង និងចាស់ជរា នៅឃុំគោកធ្លោកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីជាការជួយសម្រាលដល់ជីវភាពរបស់ពួកគាត់ដែលកំពុងខ្វះខាតយ៉ាងខ្លាំងនោះ។

ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែនសព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមាន ឯកឧត្ដម លោកជំទាវ លោកមេឃុំ លោកមេភូមិ អជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទបានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ហើយបានសំណេះណាលសាកសួរសុខទុក្ខអំពីជីវភាពរស់នៅ និងការប្រកបរបរអាជីវកម្មរបស់បងប្អូនប្រជានុរាស្ត្រនៅក្នុងតំបន់នោះប្រកបដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម។

ក្នុងពិធីសំណេះសំណាលនោះអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន មានបីតិសោមនស្សរីករាយពន់ពេកចំពោះការទទួលបដិសណ្ឋារកិច្ច ប្រកបដោយស្នាមញញឹមរួបរួមសាមគ្គីគ្នាកសាងសាលាឆទានបំពេញបុណ្យកុសលជូនដល់បុព្វបុរសគ្រប់ជំនាន់ និង សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើន រុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។

ទាំងលោកមេឃុំ លោកមេភូមិ អជ្ញាធរមូលដ្ឋាន និងប្រជានុរាស្រ្ត មានសេចក្តីត្រេកអរយ៉ាងពន់ពេក ចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម លោកជំទាវ ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រក្រីក្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តដែលខ្វះខាតបន្ថែមទៀត។

ជាទីបញ្ចប់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដល់បងប្អូនប្រជានុរាស្ត្រខ្មែរទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ។

ព្រះអំណោយដែលត្រូវចែកជូនដល់ស្រ្តីទុគ៌តគ្មានទីពឹង និងចាស់ជរាក្រីក្រខ្វះខាត ចំនួន៦៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ, អំបិល១គីឡូក្រាម ,ស្កសរកន្លះគីឡូ ,ប៊ីចេងកន្លះគីឡូ ,ថ្នាំពេទ្រ១កញ្ចប់ និងថវិកាចំនួន២ម៉ឺនរៀល ។សម្រាប់លោកមេឃុំ មេភូមិ និងប្រជាការពារទទួលថវិកាបានមួយចំនួនផងដែរ។បន្ថែមពីនេះដោយតបតាមសំណូមពររបស់ប្រជានុរាស្ត្រក្នងតំបន់នោះស្នើសុំសម្ភារៈមួយចំនួន ដើម្បីយកមកបំពេញបន្ថែមក្នុងការកសាងសាលាឆទានមានដូចជាឥដ្ឋការ៉ូចំនួន៩០កេស.ខ្សាច់,ស៊ីមង់ត៍ចំនួន៣០០$,មេក្រូ១ឈុត២៨០$ ,ចាន,ឆ្នាំងនិងកូនឈើចំនួន១០០០ដើមផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button