ឯកឧត្តម ប៉ាន់ខែម ប៊ុនថន អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់ ជាផ្លូវការរចនាសម្ព័ន្ធដឹកនាំរបស់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព(ស.យ.ស.ស) ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖គណៈកម្មាធិការកណ្តាលសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព(ស.យ.ស.ស) កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការរចនាសម្ព័ន្ធដឹកនាំរបស់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព(ស.យ.ស.ស) ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិយុវជនស្រលាញ់សន្តិភាពថ្នាក់កណ្ដាល ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត សូមធ្វើការគាំទ្រនៃការប្រកាសទទួលស្គាល់ជាផ្លូវការសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព នៅក្នុងសាខាខេត្តបន្ទាយមានជ័យទាំង ៣៣៣នាក់។ជាពិសេសដើម្បីសហការជួយធ្វើការងារនៅគ្រប់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាល។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានសំណូមពរដល់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សូមជួយរាយការណ៍ជាបន្ទាន់ នូវភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន ឬគ្រប់ស្ថាប័នអង្គភាព នៅក្នុងខេត្តឲ្យបានទាន់ពេលវេលា ដើម្បីថ្នាក់ដឹកនាំខេត្ត មានវិធានការអប់រំទប់ស្កាត់ និងដោះស្រាយឲ្យបានទាន់ពេលវេលា រាល់ភាពអសកម្មទាំងអស់ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើគណបក្ស និងលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
ទន្ទឹមនោះដែរឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានលើកឡើងថា៖ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពបានចាប់បដិសន្ធិឡើងនៅឆ្នាំ ២០១៦ ដែលមានសមាជិករាប់ម៉ឺននាក់កំពុងធ្វើសកម្មភាពនៅក្នុងទូទាំងប្រទេសកម្ពុជា ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការនៅថ្ងៃនេះគឺមានចំនួន៣៣៣នាក់។
ឯកឧត្តម ប្រធានប្រតិបត្តិយុវជនស្រលាញ់សន្តិភាពថ្នាក់កណ្ដាល បន្តថា៖ តួនាទីរបស់យុវជនស្រឡាញ់សន្តិភាព គឺត្រូវហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីការពារបក្សប្រជាជនកម្ពុជា ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត នឹងត្រូវធ្វើសកម្មភាពវាយបកគ្រប់យ៉ាងចំពោះអ្នកប្រឆាំងនឹងរដ្ឋាភិបាលផងដែរ។នៅពេលខាងមុខនេះសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពអាចក្លាយទៅជាអ្នកសង្កេតការណ៍បោះឆ្នោត អ្នករាប់សន្លឹកឆ្នោត និងក៏ជាអ្នកគាំទ្រលទ្ធផល នៃការបោះឆ្នោតនៅកម្ពុជា និងក៏ត្រូវជាអ្នកធ្វើសកម្មភាពវាយបកទាន់ពេលវេលា នៃការប្រឆាំងនឹងលទ្ធផលការបោះឆ្នោតរបស់ពួកប្រឆាំងផងដែរ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា៖ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ត្រូវយកចិត្តទុកដាក់បន្ថែមទៀតនូវការងារតាមមូលដ្ឋាន ដោយត្រូវជួយបម្រើការងារជូនថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់និងធ្វើការគាំទ្រគោលនយោបាយដឹកនាំរបស់បក្ស របស់ប្រមុខរាជរដ្ឋាភិបាល។ម៉្យាងវិញទៀតត្រូវហ៊ានវាយបក នឹងបកស្រាយនូវរឿងពិតទាំងឡាយដែលពួកប្រឆាំងបានបំភ្លៃ វាយប្រហារមកលើរដ្ឋាភិបាលតាមសង្គមហ្វេសប៊ុកជាដើម៕