ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣១ អាណត្តិទី៣

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅសាលាខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុំដោយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើឱ្យអង្គប្រជុំ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។
ឯកឧត្តមបានបន្តថា ទាក់ទងនឹងឯកសារនានាសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ ដែលនឹងត្រូវដាក់ឆ្លង កិច្ចប្រជុំពិនិត្យ និងអនុម័តនៅក្នុងរបៀបវារៈនាថ្ងៃនេះ សមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត លើការបូកសរុប និងការឆ្លើយតបទៅនឹងសំណើ សំណូមពរ ដោយរដ្ឋបាលខេត្ត មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ របាយការណ៍សមិទ្ធផលសម្រេចបានរយៈពេល ៩ខែ ឆ្នាំ២០២១ ប្រតិទិនការងារ និងកម្មវិធីរៀបចំវេទិកា ព្រមទាំង ការរៀបចំចាត់អញ្ជើញសមាសភាពចូលរួម និងទីតាំងវេទិការឱ្យបានសមស្របក្នុងអំឡុងពេលនៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរក្រុង-ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារគ្រប់គ្រងលើ សំរាម និងកាកសំណល់រឹង រាវ ឱ្យបានល្អប្រសើរ ដោយដាក់ចេញនូវវិធានការអប់រំ និងផ្សព្វផ្សាយ ធានការរដ្ឋបាល និងវិធានការច្បាប់ ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅជំរុញឱ្យពួកគាត់ចូលរួមគាំទ្រជាមួយអាជ្ញាធរ ប្រកបដោយការយល់ដឹងខ្ពស់ អំពីផលប៉ះពាល់ដែលបណ្ដាលមកពីសំរាម និងកាកសំណល់រឹង ជាពិសេសត្រូវបញ្ជ្រាប ឱ្យប្រជាពលរដ្ឋចេះគ្រប់គ្រង ទុកដាក់សំរាម និងកាកសំណល់រឹងឱ្យបានត្រឹមត្រូវ។
សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តក៏បានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ១០របៀបវារៈ សំខាន់ៗ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button