ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំអនុម័តលើសេចក្តីព្រាងផែនទីកំណត់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ក្នុងស្រុកព្រៃនប់​

រសៀលថ្ងៃព្រហស្បតិ៍ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុម័តលើសេចក្តីព្រាងផែនទីកំណត់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ក្នុងស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។
លោក​ គង់​ វិតាណៈ​ អភិបាលរងខេត្តបានរាយការណ៍ជូនអង្គប្រជុំជ្រាបថា​ ព្រែកកំពង់ស្មាច់ ជាតំបន់ដែលមានសក្តានុពល​សម្បូរបែប នៃធម្មជាតិតំបន់ឆ្នេរមានដូចជា ព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ក្តាម បង្គា ។ល។ ស្រុកព្រៃនប់ មានព្រែក ៣សំ ខាន់ៗមានដូចជា ព្រែកទឹកសាប ព្រែកកំពង់ស្មាច់ និងព្រែកទាល់។ ដោយឡែកព្រែកកំពង់ស្មាច់មានទេសភាពស្រស់ស្អាត និងប្រព័ន្ធអេកូឡូស៊ីល្អបំផុត មានដែននេសាទសម្រាប់សហគមនេសាទ​ តំបន់ឆ្នេរគ្របដណ្ដប់ដោយព្រៃកោងកាងដ៏វិសេសវិសាល។ ព្រែកកំពង់ស្មាច់ទទួលប្រភពទឹកពីដៃស្ទឹងតូច ធំចំនួន១៦។ ព្រែកកំពង់ស្មាច់ មានកោងកាងចំនួន ៣៩ប្រភេទ ដោយ២៣ប្រភេទដាំ ដុះឡើងវិញ និង១៦ប្រភេទដុះក្នុងតំបន់តែម្ដង ហេីយវាមានកម្ពស់២៥ម៉ែត្រ អង្កត់ផ្ចិត ០,៨០ម៉ែត្រ អំណោយផលដល់ប្រភេទខ្យងសមុទ្រ គ្រែងឈាម និងក្តាម លើសពីនេះមានសត្វល្មូន និងសត្វស្លាបជាច្រើនប្រភេទទៀត។ ដើម្បីសម្រេចបាននូវទស្សនវិស័យផែនការគ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់​ យើងបានកំណត់នូវគោលដៅចំនួន៤៖
ទី១.ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពធនធានជលផលសមុទ្រ និងជីវ:ចម្រុះដែលបាត់បង់ក្នុងតំបន់ព្រែកកំពង់ស្មាច់
២.ការពារ និងអភិរក្សនូវប្រភេទសត្វកម្រ​ ងាយរងគ្រោះ និងទីជម្រករបស់វា
៣.លើកកម្ពស់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យប្រសើរឡើង
៤.ពង្រឹងនូវអភិបាលកិច្ចល្អក្នុងតំបន់ព្រែកកំពង់ស្មាច់ ទាំងសមត្ថភាពក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រ និងជីវៈចម្រុះក្នុងតំបន់ព្រែកកំពង់ស្មាច់ប្រកបដោយនិរន្តរភាព។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់ថា ក្នុងទំនប់ប៊ុលឌែ មិនអនុញ្ញាតឱ្យមាន ការកាប់បំផ្លាញព្រៃកោងកាង។ យើងត្រូវកំណត់តួលេខផ្ទៃដីដែលត្រូវដាំដុះព្រៃកោងកាងឱ្យបានច្បាស់លាស់ ទន្ទឹមនោះត្រូវធ្វើការឯកភាពគ្នាកំណត់ដែនជលផលព្រែកកំពង់ស្មាច់ ដើម្បីធានាថាធនធានព្រៃកោងកាង និងជីវ:ចំរុះនានាត្រូវបានការពារ និងអភិរក្ស តាមរយៈការបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុក​ និងឃុំ ត្រូវរៀបចំចលនាបំផុសបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមនេសាទ កុំឱ្យកាប់បំផ្លាញព្រៃ កោងកាង ដោយត្រូវរួមគ្នាថែរក្សា អភិរក្ស និងដាំដុះព្រៃកោងកាងនៅក្នុងដែនសហគមនេសាទឡើងវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button