ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមយកចិត្តទុកដាក់ចំពោះបង្កើនសកម្មភាពឃោសនា អប់រំសុខភាព បង្កើនយន្តការផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង

រាជធានីភ្នំពេញ៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងពិធីបេីកសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ ស្តីពីការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លងនៅប្រទេសកម្ពុជា ២០២៣ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ក្នុងការបង្ហាញលទ្ធផលនៃការធ្វើអង្កេត STEPs ចុងក្រោយរបស់យើង ដោយបង្ហាញពន្លឺលើអត្រាប្រេវ៉ាឡង់នៃកត្តាហានិភ័យមិនឆ្លង (NCD) នៅក្នុងប្រទេសកម្ពុជា។ ការធ្វើអង្កេតដែលបានធ្វើឡើងនៅក្នុងឆ្នាំ ២០២៣ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះសូចនាករសុខភាពសំខាន់ៗ និងអាកប្បកិរិយាដែលជះឥទ្ធិពលដល់ជំងឺមិនឆ្លង ដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។

 

ក្រសួងសុខាភិបាលចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាពចម្បង ដែលក្នុងនោះផ្តោតសំខាន់ការកាត់បន្ថយប្រេវ៉ាឡង់នៃកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លង ដូចជា ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ភាពអសកម្មភាពរាងកាយ របបអាហារមិនមានសុខុមាលភាព (ការប្រើប្រាស់លើសកម្រិតអំបិល ខ្លាញ់ និងស្ករ ជាមួយនិងការទទួលទានបន្លែ និងផ្លែឈើមិនបានគ្រប់គ្រាន់)។

 

ក្នុងនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើនូវការផ្លាស់ប្តូររបៀបរបបរស់នៅជាការសំខាន់នូវការការពារជំងឺមិនឆ្លង និងពន្យាការកើតឡើងនូវផលវិបាកនៃជំងឺទឹកនោមផ្អែមលើសសម្ពាធឈាម ចំពោះអ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម។

 

ទន្ទឹមនោះឯកឧត្តមសាស្រ្តាចារ្យ សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមយកចិត្តទុកដាក់ចំពោះបង្កើនសកម្មភាពឃោសនា អប់រំសុខភាព បង្កើនយន្តការផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា ជំងឺសរសៃឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ការកាត់បន្ថយនិងការឈានទៅដល់ការបញ្ឈប់នូវការពិសាបារី ការបន្ថយការទទួលទានគ្រឿងស្រវឹង បន្ថយការប្រើប្រាស់អំបិល-ស្ករ-ខ្លាញ់ ឱ្យមកប្រើប្រាស់ឱ្យតិចតាមដែលអាចធ្វើទៅបាន បង្កើនសកម្មភាពរាងកាយតាមរយៈការហាត់កីឡា ពលកម្មតាមគ្រប់ទំរង់ដែលអាចធ្វើទៅបាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button