ព័ត៌មានជាតិ

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិថ្លៃនៅភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល៖ប្រជាពលរដ្ឋរស់នៅក្នុងក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជាង ៥.០០០នាក់ បានទទួលការពិនិត្យនិងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី នាព្រឹកថ្ងៃ ទី១ ខែឧសភា ឆ្នាំ២០២២នេះ។ការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ស្អាង ដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តមបណ្ឌិត ចែម វិឌ្យ៉ា រដ្ឋលេខាធិការក្រសួងការ

បរទេស និងសហប្រតិបត្តិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលដែរ។
ឯកឧត្តម លេង ផាលីប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ នៅថ្ងៃនេះក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងបានដឹកនាំវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធន៍ក្នុងការព្យាបាលជំងឺច្រើនឆ្នាំ មកពិគ្រោះ និង ព្យាបាលជំងឺ ជូនបងប្អូនដោយឥតគិតថ្លៃ។ ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តកំពុងបន្តចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ទី២ ទី៣ និងទី៤ ជូនប្រជាពលរដ្ឋនៅទីនេះដោយស្ម័គ្រចិត្ត និងមិនគិតពីថវិកាបេសកកម្មនោះទេ ក្រោមហេតុផលចង់ឃើញបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ និងការពារបានពីជំងឺកូវីដ ១៩រួមទាំងជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លើម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ…។ល។
នៅក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ដោយមិនគិតថ្លៃ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សូមបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមបន្ថែមថា៖ នេះជាការចូលរួមចំណែកក្នុងការបំពេញបេសកកម្មការងារប្រកបដោយឆន្ទៈដ៏ស្រួចស្រាល់ និងបង្ហាញពីស្មារតីផូរផង់សម្រាប់ជាគំរូដល់យុវជនជំនាន់ក្រោយក្នុងការអភិវឌ្ឍប្រទេសជាតិ នៅក្នុងបុព្វហេតុនានា ពិសេសក្នុងវិស័យសុខាភិបាល ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន របស់រាជរដ្ឋាភិបាលកម្ពុជា។​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button