ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជំរុញអោយមន្ត្រីជំនាញ យកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់សំណូមពរ និងផ្តល់សេវាសាធារណៈនានា ជូនពលរដ្ឋ

ប៉ៃលិន៖ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត ដើម្បីជំរុញការបំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយរាល់សំណូមពរ និងផ្តល់សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ។

 

លោកជំទាវបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានអនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើរការ ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ប្រកបដោយភាពរលូនល្អ និងរីកចម្រើនជាលំដាប់ ដោយមានច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់គោលនយោបាយមួយចំនួនទៀត។

 

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតនៅក្នុងខេត្ត ជាពិសេស ត្រូវរួមគ្នាត្រួតពិនិត្យ ពិភាក្សាពីបញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះ ដែលនៅមិនទាន់បានអនុវត្ត និងការដោះស្រាយ ដើម្បីរួមគ្នាកែលម្អ ឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ សំដៅខិតខំបម្រើប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

 

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវមានកិច្ចសហការល្អ មានសាមគ្គីភាពផ្ទៃក្នុង រវាងថ្នាក់លើ និងថ្នាក់ក្រោម តាមតួនាទីភារកិច្ចដែលខ្លួនទទួលខុសត្រូវ ហើយត្រូវបន្តយកចិត្តទុកដាក់លើការផ្តល់សេវ៉ា និងការសម្របសម្រួលដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងឆាប់រហ័សប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button