ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៦.៨ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ ៧១ ក្នុងភូមិតាអុង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៧១c ស្ថិតនៅភូមិជយោ ឃុំជយោ

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៦.៨ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ ៧១ ក្នុងភូមិតាអុង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៧១c ស្ថិតនៅភូមិជយោ ឃុំជយោ ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ហ៊ុន ម៉ានិត នាយរងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ។ ក្នុងពិធីបើការដ្ឋានសាងសង់ផ្លូវនោះ ក៏មានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋឃុំតាអុង និងឃុំជយោ ប្រមាណ ៣០០នាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ទុកថា ផ្លូវ ១ខ្សែ នេះ បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកចំការលើ បានទន្ទឹងរង់ចាំយូរមកហើយ ទើបតែក្នុងឆ្នាំ ២០២២ នេះ ជាពិសេស ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តផង និងដោយបានទទួលការជ្រោមជ្រែងពី ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារ ចុះមូលដ្ឋាន ស្រុកចំការលើផង ទើបធ្វើឲ្យសម្រេចចេញជាផ្លូវនេះឡើង ទុកជូនប្រជាពលរដ្ឋប្រើប្រាស់ ដូចពេលនេះ។ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ដែរថា ផ្លូវ ១ខ្សែនេះ អាចនឹងស្ថាបនា រួចរាល់ ក្នុងរយៈពេលត្រឹមតែ ៤ខែ ប៉ុណ្ណោះ ពោលគឺ ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋយើង ឆាប់បានផ្លូវល្អប្រើប្រាស់ ហើយផ្នែកជំនាញនឹងដាក់ស្លាកសញ្ញាចរាចរ និងស្លាកកំណត់កម្រិតទម្ងន់ របស់រថយន្តដឹកទំនិញផ្សេងៗ ឲ្យបានត្រឹមត្រូវ ផងដែរ ពោលគឺ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ។
ឯកឧត្តម ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា មូលហេតុដែលអូសបន្លាយ មានការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវ ១ខ្សែនេះ ដោយសារប្រទេសជាតិជួបវិបត្តិជំងឺកូវីដ ១៩។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាល បានបង្វែរថវិកា ទៅផ្គត់ផ្គង់ផ្នែកសុខាភិបាលជាអតិភាព ដើម្បីទប់ស្កាត់កុំអោយមានការរាលដាលជំងឺនេះ នៅក្នុងសហគមន៍ធ្ងន់ធ្ងរ និងការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋយើង។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ មកដល់បច្ចុប្បន្ននេះ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ នៅលើពិភពលោក លើការគ្រប់គ្រង នៃស្ថានភាពជម្ងឺកូវីដ១៩ គឺប្រទេសកម្ពុជាយើង បានគ្រប់គ្រងល្អជាប់លំដាប់ថ្នាក់លេខ ២។ ឯកឧត្តម បញ្ជាក់ថាទោះជាយ៉ាងណានោះក្តី ដោយសារជំងឺកូវីដ មានការបម្លែងខ្លួនថ្មីៗ ជាបន្តបន្ទាប់ ដែលអាចធ្វើអោយមានការឆ្លងច្រើន ផងដែរ នៅឯរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្ដាខេត្តមួយចំនួន ផងដែរ។ ដូច្នេះ វិធីការពារដ៏ល្អ និងមានប្រសិទ្ធភាពនោះ គឺមានតែបងប្អូន អញ្ជើញទៅចាក់វ៉ាក់សាំង តាមកាលកំណត់ នៃដូសនីមួយៗ ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាព ដល់អាយុជីវិតប្រជាពលរដ្ឋយើង ទាំងអស់គ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button