ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១និងងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប

នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានធ្វើកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ ដើមី្បត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដើមី្បអនុវត្តនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៅខេត្តសៀមរាប។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់អំពីគោលបំណង នៃកិច្ចប្រជុំជូនដល់សមាជិកសមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោតទៅលើការងារសំខាន់ៗមួយចំនួន ក្នុងការកំណែទម្រង់ស៊ីជម្រៅ សម្រេចឲ្យបានគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា។
តាមលទ្ធផលនៃសេចក្តីរាយការណ៍ស្តីពីសមិទ្ធិផលរដ្ឋបាលខេត្ត និង សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាបប្រចាំឆ្នាំ២០២១ អានដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការបញ្ជាក់ជូនអង្គប្រជុំ ដោយយោងតាមលទ្ធផលតាមបណ្តាក្រុង ស្រុក កិច្ចអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក និងសមិទ្ធផលនានា ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំខាន់លើការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង ការយកចិត្តទុកដាក់ដោះស្រាយពីទុក្ខលំបាកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទកូវីដ១៩ ព្រមទាំងការងារទប់ស្កាត់បង្រ្កាបបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹកតំបន់បឹងទន្លេសាប (តំបន់៣)នៅខេត្តសៀមរាបមានលើសពី២ពាន់ហិចតា ហើយនឹងឈានទៅធ្វើការបោះបង្គោលកំនត់តំបន់១,តំបន់២ និងតំបន់៣ ឲ្យបានច្បាស់លាស់នារដូវប្រាំងនេះ។ ឆ្លងតាមសេចក្តីរាយការណ៍ និងការចូលរួមមតិយោបលពីសំណាក់ឯកឧត្តម លោកជំទាវជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុកទាំង១២ ដែលបានលើកឡើងពីលទ្ធផលអនុវត្តបាន និង បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរួចមក កិច្ចប្រជុំទាំងមូលក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរនូវមតិយោបល់គ្នា ដោយបានទទួលនូវចំណុចល្អៗ សម្រាប់ក្រុមការងារយកទៅអនុវត្តន៍នៅតាមមូលដ្ឋាន ឆ្នាំ២០២២នេះ។ ជាមួយគ្នានោះដែរប្រធានក្រុមការងារចុះជួយក្រុង ស្រុក បានលើកឡើងនូវចំណោទបញ្ហាមួយចំនួន ដែលមានការពាក់ព័ន្ធ បញ្ហាសោភណ្ឌភាពក្រុង និង ផ្លូវ៣៨ខ្សែ និង ករណីការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងតំបន់៣ ដែលអាជ្ញាធរបឹងទន្លេសាបបានបោះបង្គោលព្រំកំណត់ និង បញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ព្រមទាំងបញ្ហាព្រំប្រទល់ឃុំ ភូមិ ក្នុងស្រុកមួយចំនួនទៀតផង។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឯកភាព និងវាយតម្លៃខ្ពស់ទៅលើលទ្ធផល ដែលរដ្ឋបាលខេត្ត ធ្វើសេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំនេះ។ សម្តេចក៏បានលើកឡើង អំពីបញ្ហាប្រឈមកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាចំណោទយ៉ាងខ្លាំងដែលធ្វើឲ្យបាត់នូវប្រជាប្រិយ៍ភាព ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួននោះ។
សម្តេចក៏បានលើកបញ្ជាក់ថា នៅគ្រប់រាល់សមទ្ធិផលទាំងអស់ ដែលក្រុមការងារ និង សប្បុរសជន កសាងស្ថាបនាឡើង នៅតាមបណ្តាក្រុង ស្រុក។ ម៉្យាងវិញទៀតត្រូវពង្រឹងការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាតហើយយើងគ្រប់គ្នាត្រូវធ្វើការកែលម្អ និង ធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងឆ្នាំ២០២២នេះ ដោយផ្តោតសំខាន់លើបញ្ហាព្រៃលិចទឹក ដែលក្រុមជនខិលខូច បានយកប្រជាកសិករធ្វើរបាំង ដើមី្បផលប្រយោជន៍របស់ខ្លួននោះ គ្រប់អាជ្ញាធរសមត្ថកិច្ចទាំងអស់ ត្រូវពិនិត្យ ចំពោះជនដែលបានបំពានការកាប់ទន្ទ្រានព្រៃលិចទឹក មានស្ថានភាពធ្ងន់ធ្ងរនោះ យើងក៏មិនអាចអនុគ្រោះឲ្យបានឡើយ គឺត្រូវអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្តេចក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ សំខាន់ជាប់បឹងទន្លេសាប រួមសហការសាមគ្គីគ្នា ដើមី្បធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ និង សូមឲ្យអាជ្ញាធរបឹងទន្លេសាប ធ្វើការផ្សព្វផ្សាយអំពីច្បាប់គ្រប់តំបន់ព្រៃលិចទឹក ឲ្យ បាន ស៊ីជម្រៅដល់ប្រជាកសិករដែលអាស្រ័យផលនៅក្នុងតំបន់៣ ក្នុងការសំដៅរក្សាការពារបឹងទន្លេសាប កុំឲ្យវិនាសបាត់បង់នូវព្រៃ លិចទឹក ដែលជាដែនជម្រកត្រីពងកូននៅរដូវវស្សា និងសត្វស្លាបរស់នៅ។ សម្តេចក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនពីតួនាទីភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ សំខាន់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាសំខាន់ជម្រុញដល់ប្រជាពលរដ្ឋឲ្យបានចាក់ វ៉ាក់សាំងគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងចេះសម្របខ្លួនរស់នៅតាមបែបគន្លងថ្មី នៃកូវីដ-១៩៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button