អាជ្ញាធរថៃបើកឲ្យពលករកម្ពុជា ចូលទៅបម្រើការងារយះពេលវែងតាមរយះក្រុមហ៊ុន ជាលើកដំបូង ជិត២០០នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ដោយស្ថានភាពនៃការឆ្លងជំងឺកូវីដមានការធូស្រាល អាជ្ញាធរថៃបានអនុញ្ញាតឲ្យពលករកម្ពុជា ចូលទៅបម្រើការងារ តាមរយៈក្រុមហ៊ុន ជាលើកដំបូង តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខ្លងលឹក នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោយភាគីថៃ បានបិទអ្នកដំណើរថ្មើរជើង ហើយបើកឲ្យដំណើរការតែរថយន្តធុនធំដឹកទំនិញរបស់គេអស់រយៈពេលជាង២ឆ្នាំមកហើយនោះ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពាក់ព័ន្ធបញ្ហាដែលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ដែលចូលទៅបម្រើការងាររយះពេលវែងតាមរយះក្រុមហ៊ុន ជាលើកដំបូងនាពេលនេះ មានចំនួន១៨៤នាក់ ដោយភ្ជាប់ជាមួយប៉ាស្ព័រដែលក្រសួងការងារចេញឲ្យ និងត្រួតពិនិត្យជំងឺកូវីដមុន៧២ម៉ោង និងត្រូវមានប័ណ្ណចាក់វ៉ាក់សាំង ហើយសម្រាប់ខាងភាគីថៃ គេអនុវត្តតាមវិធានការសុខាភិបាលរបស់គេ ហើយម្យ៉ាងវិញទៀតការអនុញ្ញាតនេះទៀតសោត ក៏ដោយអនុវត្តតាមកិច្ចព្រមព្រៀងរវាងក្រសួងការងារកម្ពុជា–ថៃ ដែលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលទៅបម្រើការងារនៅតាមបណ្តាលក្រុមហ៊ុន ដោយអនុវត្តទៅតាមនិតិវិធីដែលបានប្រជុំជជែកគ្នាកាលពីថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២១កន្លងទៅរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ។
លោកអភិបាលរង ខេត្ត បន្តថា ការចូលទៅធ្វើការងាររបស់ពលរដ្ឋខ្មែរនេះ មិនបានកំណត់ក្នុងមួយថ្ងៃឲ្យចូលប៉ុន្មាននាក់នោះទេ អាស្រ័យទៅលើក្រុមហ៊ុនខាងភាគីថៃ គាត់ទទួលពលរដ្ឋកម្ពុជាយើងប៉ុន្មាននាក់ ដែលមានការទំនាក់ទំនងគ្នារវាងក្រសួងការងារកម្ពុជា–ថៃ ដែលបានឯកភាពគ្នា។
លោកបញ្ជាក់ថា សម្រាប់នៃការបើកច្រកដំណើរការចេញចូលជាប្រក្រតី ជាធម្មតាឡើងវិញនោះគឺអាស្រ័យទៅលើភាគីថៃ ដែលមានការទប់ស្កាត់ជំងឺកូវីដ១៩នោះមានកំរិតណាដែលអាចគ្រប់គ្រងបាន ។សម្រាប់កម្ពុជាវិញយើងមិនដែលមានការបិតព្រំដែននោះទេ ដោយសារកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បាន ហើយទាំងនេះក៏ដោយមានការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដាក់វិធានការគ្រប់គ្រង និងពិសេសស្វែងរកវ៉ាក់សាំងចាក់ស្រោចជូនប្រជាពលរដ្ឋបានទូទាំងប្រទេស។
ជាមួយគ្នានោះដែរលោកអភិបាលរងខេត្ត ក៏បានសូមណូមពរដល់ប្រជាពលរដ្ឋដែលមានគោលបំណងចង់ទៅបម្រើការងារនៅប្រទេសថៃ ទី១–ត្រូវធ្វើបែបបទតាមច្បាប់ឲ្យបានត្រឹមត្រូវ,ទី២–សូមគោរពវិធានការសុខាភិបាល ដើម្បីបញ្ជៀសការរីករាលដាលនៃជំងឺកូវីដ១៩,ទី៣-ស្នើសុំប្រជាពលរដ្ឋដែលមានបំណងចង់ទៅធ្វើការនៅប្រទេសថៃ សូមទៅតាមច្រកណាដែលមានការទទួលស្គាល់រវាងអាជ្ញាធកម្ពុជានិងអាជ្ញាធរថៃ ដើម្បីរក្សាបាននូវសុវត្ថិភាព សន្តិសុខរបស់បងប្អូនប្រជាពលរដ្ឋដែលទៅបម្រើការងារនៅក្នុងទឹកដីថៃនោះ៕