លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ដាក់ចេញផែនការ ដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិន វៀតណាមនាពេលខាងមុខ
ខេត្តបន្ទាយមានជ័យ៖ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបៀបរាបរយល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន វៀតណាមខាងមុខនេះ ទទួលបានសន្តិសុខល្អប្រសើរនោះនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

ខេត្តបន្ទាយមានជ័យ៖ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបៀបរាបរយល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន វៀតណាមខាងមុខនេះ ទទួលបានសន្តិសុខល្អប្រសើរនោះនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោឧត្ដមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវវិធានការជំនាញមួយចំនួន ដល់លោក–លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងទទួលផែននីមួយៗ ដែលដឹកនាំទទួលខុសត្រូវតាមបណ្តាអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៥ ត្រូវយកចិត្តទុកដាក់ប្រមូលព័ត៌មាន ពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសក្តាប់ឲ្យបាននូវឧបាយកលសកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានា ធ្វើឲ្យសង្គមមានចលាចល ដើម្បីមានវិធានការបង្ការ–ទប់ស្កាត់ បំបាត់ប្រសិទ្ធិភាព និងបង្ក្រាបបានទាន់ពេលវេលា។
ត្រូវចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម ព្រះវិហារចិន វៀតណាម ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋាននានា ដែលមានការប្រារព្ធពិធីប្រពៃណីផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឲ្យកើតមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ល្អប្រសើរ។
ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្កើនការរំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះអគ្គីភ័យ ជាពិសេសទៀនធូបនៅពេលសែនព្រេនភ្លើងចង្ក្រាន ចរន្តអគ្គីសនី គ្រឿង ឆេះ ព្រមទាំងហាមឃាត់ មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះផ្សេងៗ។ក្នុងនោះត្រូវត្រៀមកម្លាំង និងមធ្យោបាយប្រចាំការនៅនឹងកន្លែងដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ។
ទន្ទឹមនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជម្រុញការអនុវត្តន៍គោលនយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព ឲ្យបានសកម្មផុសផុលនិងត្រូវយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ ឲ្យបានហ្មត់ចត់ដោយប្រើគ្រប់វិធានការ ដើម្បីបំបាត់ប្រសិទ្ធិភាពជាមុន មិនទុកឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាព បង្កគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងអន្តរាយដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ជាងនេះទៅទៀតត្រូវបន្តពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ–១៩ គ្រប់ថ្នាក់បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំ អំពីវិធានការសុខាភិបាលនៅតាមគោលដៅដែលមានការប្រមូលផ្តុំប្រជាពលរដ្ឋច្រើន ព្រមទាំងត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីបង្ការទប់ស្កាត់ និងសង្គ្រោះបានទាន់ពេលផងដែរ៕