កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបន្ទាយមានជ័យ:ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមុខក្លឹបវ៉មអាប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះទៅដល់ចំណុចខាងលើនៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ព្រមទាំងដកហូតវត្ថុតាងមានដូចជា ម៉្សៅម៉ត់ពណ៌ស ចំនួន១២កូនថង់កិប ទម្ងន់ ១០,៤៨ក្រាម, គ្រាប់ថ្នាំពណ៌ផ្ការឈូកចំនួន០៣គ្រាប់, គ្រាប់ថ្នាំពណ៌ត្រួយចេកចំនួន០៤គ្រាប់, កេតតាមុីនដប ចំនួន០១ដប និងសម្ភារ:មួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ វង្ស ឃៀង ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យរូបនេះ ក្រោយពីកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនទាំងអស់នេះរក្សាទុកដើម្បីប្រើប្រាស់ខ្លួនឯងផង និងជាមួយមិត្តភក្ដិផង ។
ដោយផ្អែកលើករណីជាក់ស្ដែង និងមានវត្ថុតាង ព្រមទាំងចម្លើយសារភាពផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕