លោក ហេង សុភារិទ្ធ អំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាគោរពច្បាប់ជលផល និងចូលរួមថែរក្សា ការពារ នូវធនធានជលផលឱ្យគង់វង្ស ដោយបញ្ឈប់ទាំងស្រុង នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
ខេត្តកណ្តាល៖ក្នុងដំណើរអញ្ជើញចុះពិនិត្យមើលបទល្មើសនេសាទ ដើម្បីធ្វើការបង្ក្រាប នៅតាមដងទន្លេសាប ត្រង់ចំណុចភូមិតាពៅ ភូមិជ្រោយសំបួរ ស្ថិតក្នុងឃុំកោះចិន និងភូមិជ្រៃអណ្ដែត ស្ថិតក្នុងឃុំកំពុងអុស កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគ្នាគោរពច្បាប់ស្ដីពីជលផលទាំងជាពិសេសប្រជានេសាទ សូមឱ្យមានការចូលរួមថែរក្សា ការពារ នូវធនធានជលផលឱ្យគង់វង្ស ដោយបញ្ឈប់ទាំងស្រុងនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ជលផលហាមឃាត់ មានដូចជា៖ឧបករណ៍ ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង លបនរកជាដើម មកធ្វើការនេសាទក្នុងដែននេសាទ ទាំងនៅតាមដងទន្លេ បឹង ព្រែក ស្ទឹង និងអូរ ព្រោះថា ឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទាំងត្រីមេពូជ និងកូនត្រីតូចៗ។
លោកបញ្ជាក់ថា ក្នុងប្រតិបត្តិ ការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជំនាញបានសម្រេចរុះរើ និងបំផ្លាញចោលលូស្បៃមុង ចំនួន៣៣មាត់លូ របាំងស្បៃប្រវែង ២៩០០ម៉ែត្រ បង្គោលតូចធំ ចំនួន ១៩៨០ដើម និងលបនរក ចំនួន ២០គ្រឿង។
លោកបានបញ្ជាក់ថា ដើម្បីលុបបំបាត់បទល្មើសនេសាទខុសច្បាប់បាន លុះត្រាប្រជានេសាទទាំងអស់ ត្រូវចូលរួមគោរពច្បាប់ស្ដីពីជលផលទាំងអស់គ្នា ពីព្រោះបើពឹងលើកម្លាំងសមត្ថកិច្ចតែម្ខាង គឺមិនអាចបង្ក្រាបបានជោគជ័យ ១០០%បានទេ គឺយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាទាំងអស់គ្នា ទើបធ្វើឱ្យធនធានជលផលមានការកើនឡើង គង់វង្សដល់កូនចៅជំនាន់ក្រោយទៀត៕