ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានអំណោយស័ង្កសី ពីឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក

(បន្ទាយមានជ័យ)៖នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ ចុះជួយរុះរើ និងធ្វើផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥ខ្នង់ ជង្រុកស្រូវ១ខ្នង ស្ថិតនៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ដោយសារមានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ ជាបន្តបន្ទាប់ បណ្តាលអោយខូចខាតផ្ទះ និងសម្ភារមួយចំនួន របស់ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលនូវទុក្ខលំបាកនេះ កងកម្លាំងរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយកសាងនិងជួសជុលឡើងវិញ។
ក្នុងឱកាសនោះលោកមេបញ្ជាការរង បានជម្រាបជូនថាស្ថិតនៅក្នុងស្ថានភាពជំងឺកូវីដ–១៩ ប្រជាពលរដ្ឋ មួយចំនួនពិតជាជួបការលំបាកដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ បានរួមគ្នាជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមលទ្ធភាពជាក់ស្ដែង។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ វរសេនាតូចថ្មើជើងលេខ៥១៤ ។
ជាចុងក្រោយនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕