ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួ​ចខ្សែភ្លើង និង​ប្រើប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួល​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះឈ្មោះ ច្រិញ តឿ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមេការមើលការខុសត្រូវ នៅបុរីអេសឡឺបាឡង់ឡែន ដែល​មានទីតាំងស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្តឹងចោទ​ប្រកាន់ទៅ​លើឈ្មោះ អឿន ណាត ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ឡុង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅប​ណ្តោះអាសន្នភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ពីករណី លួច(ខ្សែភ្លើង) ដែល​ប្រព្រឹត្តកាលពីវេលាម៉ោង២០ និង២០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២​៤ ។

ក្រោយពីបានទទួលប​ណ្ដឹងរបស់ជនរង​គ្រោះខាងលើ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូ​លដ្ឋានកងរាជអាវុ​ធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ធ្វើកា​រស្រា​វជ្រាវ​កំណត់បាន​មុខសញ្ញា​ជនសង្ស័យ រហូតឈា​នដល់ការឃាត់ខ្លួនឈ្មោះ អឿន ណាត ភេទប្រុស​ អាយុ២៧ឆ្នាំ ហើយ​ដកហូតវត្ថុតាងខ្សែភ្លើងចំនួន១ដុំ ប្រវែង២២,៥ម៉ែត្រ ចំណែកឈ្មោះ ឡុង បានគេចខ្លួន ហើយ​នាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹ​កនោមរកសា​រធាតុញៀន ជាលទ្ធផលវិជ្ជមាន (+)

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយ​សារភាពថា ខ្លួន​នឹងបក្ខពួក ពិតជា​បានធ្វេីសកម្មភាពចូលលួចកាត់ខ្សែភ្លើង និងទុយោស្ព័នម៉ាស៊ី​នត្រជាក់ នៅក្នុងបុរីខា​ងលើពិតប្រាកដមែន ដោយបានលួ​ចចំនួន០៥លើកមកហើយ ដេីម្បីលក់​យកលុយ​ចែកគ្នា ទិញគ្រឿងញៀនមកប្រេីប្រាស់។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតា​ងជាក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងក​សាងសំណុំរឿង​បញ្ជូនទៅបញ្ជាការ​ដ្ឋានកងរាជ​អា​វុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រា​បបទល្មេីសបាន​ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវ​បានបញ្ជូនទៅសា​លាដំបូង​ខេត្តហើយ នៅរសៀល​ថ្ងៃសៅរ៍ ទី១០ ខែសី​ហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button