ព័ត៌មានជាតិ

រាជអាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ ) លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លាង ចាន់ណាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ការចុះឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សឿរ សាន ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាលពីវេលាកេីតហេតុជនរងគ្រោះ និងឪពុកក្មេក ព្រមទាំងឈ្មោះប្រុស អាយុប្រហែល៤២ឆ្នាំ បាននាំគ្នាអង្គុយផឹកស្រាថ្នាំ  រហូតដល់វេលាម៉ោង១២និង០០នាទី ថ្ងៃដដែល ជនរងគ្រោះបានសុំមកផ្ទះមុន ក៏បានឮសំឡេងឪពុកក្មេករបស់ខ្លួន ជេរគ្នាជាមួយជនសង្ស័យ នៅផ្ទះរបស់ជនសង្ស័យ ឃើញដូចនោះជនរងគ្រោះ និងប្រពន្ធបានទៅឃាត់កុំឱ្យជេរគ្នា ស្រាប់តែជនសង្ស័យជេរម្តាយ របស់ខ្លួន ឮដូចនោះរូបខ្លួនបានកាន់ដងឆ័ត្រ ដើរសំដៅទៅសួរជនសង្ស័យ ស្រាប់តែជនសង្ស័យ ស្ទុះចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះយកកាំបិតខ្វែវ មកកាប់ជនរងគ្រោះចំនួន០១កាំបិត ត្រូវចំក្បាល បណ្ដាលឱ្យរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនព្រមទាំងចាប់យកវត្ថុតាងកាំបិតខ្វែវ ដងឈើ ប្រវែង៩២សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសួរនាំ ព្រមទាំងធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។

ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រេីហិង្សាទៅលេីជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button