ព័ត៌មានជាតិ

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បន្តនាំយកអាវរងា មុង និងភួយ អំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកផ្ដល់ជូនចាស់ជរាទីទ័លក្រ ចំនួន ១០០នាក់ នៅស្រុកគិរីវង់

តាកែវ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ចំពោះគ្រួសារប្រជាពលរដ្ឋចាស់ជរាទីទ័លក្រ ដែលងាយរងគ្រោះនារដូវរងារឈានចូលមកដល់នេះ នៅព្រឹកថ្ងៃអាទិត្យ ទី ១២ ខែ ធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិកាសាខា មន្ត្រីប្រតិបត្តិសាខា ប្រធានមន្ទីរជុំវិញខេត្ត លោក ស៊ុត ខុន អភិបាលស្រុក និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគិរីវង់ ខេត្តតាកែវ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកជូនប្រជាពលរដ្ឋចាស់ជរាទីទ័លក្រចំនួន ១០០នាក់ នៅស្រុកគិរីវង់ ខេត្តតាកែវ ដែលពិធីនេះរៀបចំឡើងក្នុងបរិវេនវត្តភ្នំរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកបំផុត ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែ យកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់គ្រួសារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះនៅគ្រប់ទីកន្លែង ដោយមិន ប្រកាន់បក្សពួក និន្នាការនយោបាយ ពូជសាសន៍ សាសនាអ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
ជាបន្ត ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលកំពុងមានការឆ្លងខ្លាំងគួឱ្យបារម្ភបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ គោរពតាមការណែនាំ របស់អាជ្ញាធរមូលដ្ឋាន ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (បីការពារ បីកុំ និងពីរចូលរួម ) ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខា ភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើង នៅក្នុងប្រទេសយើង។ សូមជម្រាបជូនដែរថា អំណោយដែលបានមកផ្ដល់ជូនរួមមាន៖ អាវរងារ១ មុង១ និងភួយ១៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button