ពិតជាសង្វែកណាស់!! ជិតដល់ថ្ងៃចូលរោងការ នាំគ្នាជិៈម៉ូតូទៅលេងឪពុកម្តាយខាងបុ្រស ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យខាងប្រុសស្លាប់ ស្រីរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកស្ត្រីជាគូរដណ្តឹងរងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខវត្តសិរីមង្គល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖មុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកLEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AQ-3250 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុ ផ្លូវកោងបានបុកប៉ះម៉ូតូ០១គ្រឿងធុនC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ1BG-1154 ភ្នំពេញ ជិៈគ្នា០២នាក់ ក្នុងទិសដៅផ្ទុយគ្នាពីត្បូងទៅជើង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់ បាក់ឆ្អឹងត្រគៀកទាំងសងខាង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យពោ២ ខេត្តបាត់ដំបង។អ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
តាមការឲ្យដឹងពីឪពុកខាងស្រី បានប្រាប់ថា៖ជនរងគ្រោះទាំង០២នាក់ ជាគូដណ្តឹងនឹងគ្នាជិតដល់ថ្ងៃរៀបការ នៅថ្ងៃទី១២ ខែកុម្ភៈនេះ នឹងបានដើរចែកសំបុត្រអញ្ជើញភ្ញៀវបានមួយចំនួនផងដែរ ហើយនៅមុនពេលកើតហេតុពួកគេទាំង០២នាក់ បានចេញពីផ្ទះនៅភូមិអូរអណ្តូង ទៅលេងផ្ទះឪពុកម្តាយខាងប្រុស នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ក៏បានជួបគ្រោះអកុសលនេះតែម្តង។ក្រោយពីកើតហេតុ វត្ថុតាងរថយន្តនិងម៉ូតូខូចខាតធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី៕