ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់សាលារៀន ០១ខ្នង ចំនួន០៥បន្ទប់ នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរក្រុងប៉ោយប៉ែត អញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង១០០០នាក់ និងសម្ភោធដាក់ឲ្យប្រើប្រាស់សាលារៀន ០១ខ្នង ចំនួន០៥បន្ទប់ នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
មានមតិសំណេះសំណាលនាឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់ផ្នែកពាក់ពន្ធ័ និងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ ផ្តល់សេវាសាធារណ:បានល្អ ហើយក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។លើសពីនេះក៏បានជួយសង្គ្រោះពលរដ្ឋគ្រប់ពេល ជួបគ្រោះធម្មជាតិនានាផងដែរ។
ទន្ទឹមនោះឯកឧត្តម ក៏បានជម្រុញឲ្យអាជ្ញាធរ និង កងកម្លាំងប្រដាប់អាវុធ ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ផ្តល់សេវាសាធារណ:ឲ្យបានល្អ និងឆ្លើយតបដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋតាមមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ពិសេសត្រូវរួមគ្នា កែប្រែតំបន់ព្រំដែនដែលជាអតីតសមរភូមិប្រយុទ្ធ ឲ្យទៅជាតំបន់អភិវឌ្ឍន៍។ ក្នុងន័យនេះគឺយើងត្រូវអភិវឌ្ឍន៍ធនធានមនុស្ស តាមរយះការបង្កើតឲ្យមានសាលារៀន និងហេដ្ឋារចនាសម្ពន្ធ័នានា ដែលជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋប្រើប្រាស់៕