ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ទទួលគោរមងារជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

នៅវេលាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តមថ្លៃថ្លាប្រកបដោយសទ្ធាជ្រះថ្លា និងក្តីសោមនស្សរីករាយក្រៃលែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះអង្គបានប្រទាននូវព្រះឱវាទដល់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម លោកជំទាវ ពុទ្ធសាសនូបត្ថម្ភក៍
ក៏ដូចជាសិស្សគណ និងពុទ្ធបរិស័ទអោយចូលរួមជួយជ្រំជ្រេងតម្កុំតម្កើងដើរតាមលំអានព្រះពុទ្ធសាសនា ដើម្បីបានជាប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើន ដល់ខ្លួនយើងផង ដល់សង្គមជាតិផង និងកូនចៅខ្មែរតទៅអនាគតផង។

នាឱកាសនោះដែរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែង
ចំពោះវត្តមានព្រះសង្ឃ លោកអាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និងប្រជាពុទ្ធបរិស័ទបានរួមសាមគ្គីគ្នាធ្វើបុណ្យធ្វើទាន ជាពិសេស អ្នកអង្គម្ចាស់ សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងពន់ពេក ចំពោះទឹកព្រះទ័យដ៏បវរថ្លៃថ្លារបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ហើយបានថ្វាយប្រគេនគ្រឿងឧបភោគ បរិភោគ និងចតុបច្ច័យមួយចំនួនផងដែរ។

តាងនាម អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន ជាពុទ្ធសាសនូបត្ថម្ភក៍មួយរូប សូមឧទ្ទិស មហាបុណ្យកុសលថ្វាយចំពោះព្រះរាជវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិវង្សានុវង្ស
គ្រប់ព្រះអង្គ ជាពិសេសសូមថ្វាយមហាព្រះរាជកុសលថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រមហាវិរៈក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះរាជវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់ស្ថានសួគ៌សោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន រុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេង ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការកើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។

សូមបញ្ជាក់ផងដែរថា គោរមងារដែលត្រូវតែងតាំងមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ជាឧត្តមទីប្រឹក្សាផ្ទាល់
ឯកឧត្ដម សៀង បូរិទ្ធ ជាទីប្រឹក្សាផ្ទាល់
ឯកឧត្ដម ឆាយ យាន ជាទីប្រឹក្សាផ្ទាល់
ឯកឧត្ដម សាន្ត រដ្ឋស៊ីង ជាទីប្រឹក្សាផ្ទាល់
ព្រមទាំងឯកឧត្ដម លោកជំទាវ ពុទ្ធសាសនូបត្ថម្ភក៍មួយចំនួនទៀត។

ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមអោយប្រជាពុទ្ធបរិស័ទទាំងអស់សូមមានសាមគ្គីភាព ភាតរភាព
ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសាសនា កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតថេរចេកាលជានិច្ចនិរន្តរន៍តទៅ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button