ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតវៀតណាមសម្ដែងនូវការកោតសរសើរពីការអភិវឌ្ឍរាជធានីភ្នំពេញ និងការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ

ភ្នំពេញ៖ ឯកឧត្ដម ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ ទសវត្សរ៍នេះ ពិសេស២ឆ្នាំចុងក្រោយនេះកម្ពុជា អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ បានយ៉ាងល្អ រក្សាបាននូវសេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។
ការសំដែងនូវការកោតសរសើរបែបនេះ ឯកឧត្ដម​ ង្វៀន ហ៊ុយថាំង បានធ្វើឡើងខណៈដែល​ឯកឧត្ដម​បានជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៥ខែមិនាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម​ ង្វៀន ហ៊ុយថាំង បានមានប្រសាសន៍ថា
រាជធានីភ្នំពេញក្នុងរយៈពេល៤ទសវត្សរ៍នេះពិតជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ឆ្នាំមុនគឺដូចមេឃហើយនឹងដី។
បន្ថែម​លើកពីនេះឯកឧត្ដម​ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានជួបនៅជំងឺរាតត្បាតកូវីដ-១៩ ដូចប្រទេសផ្សេងទៀតនៅលើពិភពលោក ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាអាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩នេះយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសេដ្ឋកិច្ចជាតិនិងជីវភាពប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។
ឯកឧត្ដម​បន្តថា សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុងបានល្អប្រសើរ ហើយទំនាក់ទំនងរវាងទីក្រុងភ្នំពេញនិងទីក្រុង រវាងប្រទេសនិងប្រទេស កម្ពុជា-វៀតណាម ឃើញថា មានសាមគ្គីភាព មានទំនាក់ទំនងកាន់តែល្អប្រសើរ រឹតមាំនិងខ្លាំងក្លា។
ឯកឧត្ដម​បញ្ជាក់ថា ឯកឧត្ដម​នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែករកធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកម្ពុជានិងវៀតណាមមានទំនាក់ទំនងមានសាមគ្គីភាពគ្នាតែរឹងមាំនៅពេលដែល​ឯកឧត្ដម​មកធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ ។ ឯកឧត្ដម​ក៏បានសូមឱ្យរាជធានីភ្នំពេញនិងទីក្រុងហូជីមិញផ្លាស់ប្ដូរទស្សនកិច្ចគ្នាអោយបានច្រើនដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាលយុវជននៃប្រទេសទាំងពីរឲ្យមានទំនាក់ទំនង មានកិច្ចសហប្រតិបត្តិការការងារជាមួយល្អនិងរឹងមាំ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងដែលថា ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ បានធូរស្រាលដោយជម្ងឺកូវីដ-១៩ហើយ ហើយយើងក៏បានបើកប្រទេសឲ្យដំណើរការឡើងវិញហើយដែរ ធ្វើអោយយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។
ឯកឧត្ដម​បញ្ជាក់ផងដែរថា នៅពេលដែលប្រទេសយើងទាំង២មាន ទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អ ការរស់នៅជាមួយគ្នាដោយភាពស្មោះត្រង់ យោកយល់គ្នា នោះប្រទេសទាំងពីរ នឹងមានសាមគ្គីភាពគ្នាកាន់តែល្អនិងរឹងមាំយូរអង្វែង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button