ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងរដ្ឋមន្រ្តីក្រសួង​អន្តោប្រវេស​ន៍អូស្ត្រាលី បើកកិច្ចប្រជុំព​ង្រឹងកិ​ច្ច​សហប្រិតបត្តិ​ការទ្វេភាគី

(ភ្នំពេញ)៖កិ​ច្ច​សហ​ប្រតិបត្តិ​ការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និង​ក្រសួង​អន្តោប្រវេសន៍ សញ្ជាតិ ​និងកិច្ចការវប្បធម៌ នៃប្រទេសអូស្ត្រាលី ត្រូវបានពង្រឹងនិ​ងលើកកក​ម្ពស់​មួយកម្រិតបន្ថែមទៀត។ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បើកកិច្ចប្រជុំទ្វេភា​គីជាមួយ​ឯកឧត្តម Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការព​ហុវប្បធម៌អូ​ស្ត្រាលី ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅវិ​មានសភាអូស្ត្រាលី។

ជាកិច្ចចាប់ផ្តើម​ ឯកឧត្តម Andrew Giles បានស្វាគមន៍ និងថ្លែងអំណ​រគុណឯក​ឧត្តមអភិ​សន្តិប​ណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដែលបានដឹ​កនាំគណ:ប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មកទស្សន​កិច្ចនៅប្រទេសអូស្ត្រាលី។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិ​ច្ចដ៏មាន​សារៈ​សំខាន់នេះ និងប្រាក​ដជាទទួល​បានលទ្ធផលផ្លែផ្កា ដូចការគ្រោងទុក  ជាពិសេសការផ្លា​ស់ប្តូរ​យោ​បល់ និងបទពិសោធជាមួយអង្គភាពជំនាញលើកិច្ចការអន្តោប្រវេសន៍ កិច្ចការបទ​ល្មើសបច្ចេ​កវិទ្យា និងការងារនគរបាល។

ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី និងភាគីអូ​ស្ត្រាលី ដែល​បា​នសម្របសម្រួលដំណើរទស្សនកិច្ចនេះ និងបានស្វាគមន៍យ៉ាង​កក់ក្តៅជូនគណៈ​ប្រតិភូក​ម្ពុជា។ ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា បានគូស​បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ​ជាដំណើរ​ទស្សន​កិច្ចលើ​កទី៣ បន្ទាប់ពី​ទស្សនកិច្ចលើកទី១ នៅសាធារណរដ្ឋសង្គមនិយម​វៀត​ណាម និងលើកទី២ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋអាល្លឺម៉ង់ ចាប់តាំងពីឯកឧត្តម ទទួលកា​រតែងតាំង​ជាឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងម​ហាផ្ទៃ។ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានគូស​បញ្ជាក់ដែរថា ទស្សនកិច្ច​នេះនឹងផ្តល់​បទពិសោធបន្ថែមដល់ប្រទេសកម្ពុជា លើការងារ​អន្តោប្រវេ​សន៍ កិច្ចការទប់ស្កាត់ បង្ក្រាបបទល្មើស​បច្ចេកវិទ្យាន បទល្មើសជួញដូរមនុស្ស កិច្ចការសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងឱកា​សនោដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានអបអ​រសាទរចំពោះ​លទ្ធផល​ជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជំនួបជាមួយឯកឧត្តម នាយករដ្ឋមន្រ្តីអូស្រ្តាលី កាលពីខែមីនា កន្លងទៅ និងបានថ្លែងអំ​ណរគុណ​ភាគីអូស្រ្តាលី ដែលផ្ដល់ជំនួយថវិកា សម្ភារៈ និងបច្ចេកទេសដល់ក្រសួងមហាផ្ទៃកម្ពុជា លើការងា​រប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងសន្តិសុខព្រំដែន កំណែទម្រង់រដ្ឋបាល​សាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការបណ្ដុះប​ណ្ដាលភាសា​អង់គ្លេសដល់​មន្រ្តីអនុវត្ត​ច្បាប់ ដើម្បីសម្រេចបានប្រសិទ្ធភាពការងារកាន់តែខ្ពស់បន្ថែមទៀត។

ឯកឧត្តមភិសន្តិបណ្ឌិត ស សុខា ក៏បានចែករំលែកជូនភាគីអូស្ត្រាលី ដែរនូវព័ត៌មានសំខាន់ៗមួយចំ​នួ​នពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍នៅកម្ពុជា រួមទាំងការងារកំណែច្បាប់និងលិ​ខិតបទដ្ឋានគ​តិយុត្តពាក់ព័ន្ធ ដើម្បីឆ្លើយតបបរិបទថ្មីនៅកម្ពុជា និងក៏ដើម្បីផ្ដល់ភាពងាយស្រួលកំណត់បែបបទ និងលក្ខណ្ឌច្បាស់លាស់លើការងារអន្តោប្រសន៍ខណៈភាគីអូស្ត្រាលី មានបទ​ពិសោធស៊ីជម្រៅ​ជាងកម្ពុជាលើការងារនេះ។

ចំពោះការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញ​ឆន្ទៈ និង​គោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កា​ត់បទល្មើស​ឆបោក និងសកម្មភាពអនឡាញខុសច្បាប់ ដែលមកដល់ពេលនេះ ក្រសួងមហាផ្ទៃ ក្នុងនាមជាជា​សេ​នាធិការរាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត។ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ក៏បានស្នើសុំភាគីអូស្រ្តាលី បន្តផ្តល់បទពិសោធតាមរយ​:ការបណ្តុះបណ្តា​ល​មន្រ្តីអនុវត្តច្បាប់របស់កម្ពុជា ដោយមន្ត្រី និងអ្នកជំនាញអូស្ត្រាលី។

ជាមួយគ្នានោះដែរ ឯកអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់អំពីកិច្ចសហការជាមួយភាគីអូស្ត្រាលី លើការងារមាតុភូមនិវត្តន៍ពលរដ្ឋខ្មែរ ដែលពុំមានមូលដ្ឋាន​ផ្លូវច្បាប់ស្នាក់នៅប្រ​ទេសអូស្រ្តាលីផង​ដែរ។ ក្រៅពីនេះឯក​ឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់លើល​ទ្ធផលជោគជ័យនៃ​វេទិកាអន្តោ​ប្រសេ​ន៍ កម្ពុជាអូស្រ្តាលី ដែលភាគីកម្ពុជា បានរៀបចំកាលពីឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមកិច្ចសហការល្អជាមួយរដ្ឋាភិបាលអូស្ត្រាលី។

ឯកឧត្តម Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌ បាន ទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងយល់ស្របលើការងារប្រយុទ្ធប្រឆាំងបទ​ល្មើសអន្តោប្រវេសន៍ និងបទល្មើសនានា រួមទាំងបទល្មើសបច្ចេកវិទ្យា ដើម្បីរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព រវាងប្រទេសទាំងពីរ និងក្នុងតំបន់។ ឯកឧត្តម ក៏បានបញ្ជាក់ពីការទទួ​លយកសំណូមពរពីភាគីកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការលើការងារស្ថិតក្នុងវិស័យក្រសួងទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាការកត់សម្គាល់ ឯកឧត្តម Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌ អូស្ត្រាលី បានបញ្ជាក់ពីការ​ត្រៀមម​កបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្រប តបតាមកា​រអ​ញ្ជើញរប​ស់ឯកឧត្តមអភិសន្តិបណ្ឌិត និងបានជូនពរឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូ ទទួលជោ​គជ័យក្នុងដំណើរទស្សនកិច្ចនេះ ដោយឯកឧត្តមផ្ទាល់ មានជំនឿថា គណៈប្រតិភូ នឹងជួបពិភា​ក្សាផ្លាស់ប្តូរ និងដកស្រង់បទពិសោធល្អៗជាមួយស្ថាប័នជំនាញអូស្រ្តាលី នៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ខាងមុខ។

សូមបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក​ជំទាវ បាននិងកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី រហូតដល់​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ បេសកកម្មរយៈពេល ១សប្តាហ៍នេះ  មានគោល​ដៅពិភាក្សានិង​ពិនិត្យ​លទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយផ្លាស់ប្ដូរបទពិសោ​ធលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេស​ចុះទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់នូវការអនុវត្តកិច្ចការពាក់ព័ន្ធរបស់ស្ថាប័នអូស្ត្រាលី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button