កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះជន្ម៨៧ យាងចូល៨៨ព្រះវស្សា

ខេត្តបន្ទាយមានជ័យ៖យោងលិខិតលេខ៦២/២៣ កាកបាទក្រហមកម្ពុជាចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ របស់អគ្គលេខាធិការកាកបាទក្រហមកម្ពុជា កាកបាទក្រហមខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រមន្ត ដើម្បីថ្វាយព្រះសព្ទសាធុការពរជ័យ សម្ដេចព្រះមហាក្សត្រិយ៍នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម៨៧ យាងចូល៨៨ ព្រះវស្សា។ ពិធីនេះប្រព្រឹត្តទៅនៅវត្តគិរីជុំចម្ការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលបានរៀបចំតាមបែបកិច្ចសាសនាមានរបាំជូនពរ និងព្រះសង្ឃសូត្រធម៍ជ័យមង្គលគោរពថ្វាយសម្តេចម៉ែ។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអានសារលិខិតថ្វាយព្រះពរតែមានខ្លឹមសារយ៉ាងដូច្នេះថា នាឱកាសដ៏ មង្គលក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់៨៧ យាងចូល៨៨ ព្រះវស្សា ទៅថ្ងៃអាទិត្យ ១កើត ខែបឋមសាធ ឆ្នាំថោះ បញ្ហាស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាខណៈកិត្តិយសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុមកាកបាទក្រហម ឃុំ សង្កាត់ អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំជាម្ចាស់សុំព្រះបរមរាជានុញ្ញាត ក្រាបថ្វាយបង្គំ ព្រះសព្ទសាធុការពរជ័យបវរសួស្ដីមហាប្រសើរគ្រប់ប្រការ សម្ដេចព្រះមហាក្សត្រិយ៍ ព្រះរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់សូមទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូណ៌ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ឲ្យប្រជានុរាស្ត្រជារៀងដរាបរៀងទៅ ព្រះមហាក្សត្រ និងប្រកបដោយព្រះព្រហ្មវិហារធម៌ នៃសម្ដេចព្រះមហាក្សត្រីវត្តរាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលព្រះអង្គបានលះបង់ នូវព្រះកាយពល មិនគិតពីការនឿយហត់និងព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជានុរាស្ត្រជាទីស្រឡាញ់របស់ទ្រង់ គ្រប់ទីកន្លែង និងព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំជាខ្ញុំសូមលើកហត្ថ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមជួយថែរក្សាព្រះមហាក្សត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកគង់ប្រោសប្រទាន នៅសព្វសាធុការពរជ័យគ្រប់ប្រការថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសុំព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សេចក្តី គួរពុំគួរសូមសម្ដេចព្រះមហាក្សត្រីមេត្តាករុណា ព្រះរាជទានទោស។ចុងបញ្ចប់ថ្នាក់អធិបតីបានប្រគេនចង្ហាន់ និងប្រគេនទេយ្យវត្ថុ ចំពោះព្រះស្ឃ ជូនតាជីយាយជី ២០នាក់ និងប្រលែងសត្វផងដែរ៕