នគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបល្បែងស៊ីសងជលមាន់ ដោយឃាត់ខ្លួនអ្នកញៀនល្បែង និងដកហូតបាននូវវត្ថុតាងមួយចំនួន
ខេត្តបន្ទាយមានជ័យ ៖នៅរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងផែនព្រហ្មទណ្ឌ និង លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានចាត់កម្លាំងប៉ុស្តិ៍ ប៉ោយប៉ែត ចុះបង្ក្រាបទីតាំងលួចលាក់ ប្រមូលផ្តុំគ្នា បើកជល់មាន់ ដាក់លុយជាប្រចាំ ដែលបានស្រែកហ៊ោកញ្ជ្រៀវ បង្ករផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។
ទីតាំង ជល់មាន់នេះឋិតនៅចំណុចកំពតព្រៃមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ភូមិ មិត្តភាព ជាប់ព្រំប្រទល់ (ភូមិព្រៃព្រិច) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការ នេះ កម្លាំងប៉ុស្តិ៍ប៉ោយប៉ែត ឃាត់ខ្លួនក្រុមអ្នកញៀនល្បែង បានចំនួន ០២នាក់ និង ដកហូតម៉ូតូ បានចំនួនជិត១០គ្រឿង និងមាន់ចំនួន ជាង ១០ក្បាល រួមជាមួយមាន់ ដែលជល់ចាញ់ ហើយងាប់ ។
ក្រោយចុះបង្រ្កាបសមត្ថកិច្ច បាននាំយកក្រុមអ្នកញៀនល្បែង និងវត្ថុតាង រួមមានដូចខាងលើ ទៅកាន់ប៉ុស្តិ៍ប៉ោយប៉ែត ដើម្បីរៀបចំចាត់ការតាមនីតិវិធី ៕ដោយ ៖ លោក ពិល ថា