ព័ត៌មានជាតិ

ជនជាតិថៃ២នាក់ ពាក់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាត ត្រូវឣាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ): យោងតាមបទល្មើសជាក់ស្ដែង នៅវេលម៉ោង១១និង០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានចុះល្បាតការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ រហូតដល់ចំណុចម្ដុំខារ៉ាឣូខេG9 ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញមនុស្សប្រុស០២នាក់ព្យាយាមរត់គេចពីសមត្ថកិច្ច ភ្លាមនោះកម្លាំងក៏ដេញតាមហើយឃាត់ខ្លួនមកសួរនាំ និងឆែកឆេរលើដងខ្លួនរកឃើញគ្រឿងញៀន ១-គ្រឿងញៀនប្រភេទក្រាបពណ៌សថ្លា ចំនួន០៥កូនថង់, ២-គ្រឿងញៀនប្រភេទម៉្សៅពណ៌ស ចំនួន០៣ថង់តូច,៣-គ្រឿងញៀនប្រភេទគ្រាប់ថ្នាំ ពណ៌ក្រហមចំនួន០១ថង់តូច ស្មើនឹង០៤គ្រាប, ៤-ឧបករណ៍វ៉ែបចំនួន០៣ដើម,៥-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,៦-ដែកឆាបកែឆ្នៃដាក់ក្នុងប៊ិកប្រវែង១៧សង់ទីម៉ែត្រ ចំនួន០១ដើម, និងថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ ១-ឈ្មោះ ភិទិ កាមុនដែង (​PITI KAMODAENG)ហៅ បត ភេទប្រុស ឣយុ២៩ឆ្នាំ ជនជាតិថៃ ទីកន្លែងកំណើត ក្រុងបាងកក ប្រទេសថៃ។
២-ឈ្មោះ ឆាយ ដេន ប៉ាងកាង (CHAYDAN PHANGKANG) ហៅ ដេន ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិថៃ ទីកន្លែងកំណើត ក្រុងបាងកក ប្រទេសថៃ ឣ្នកទាំង២ បច្ចុប្បន្នស្នាក់នៅបណ្ដោះឣាសន្ន ម្ដុំចម្ការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ក្រោយពីកម្លាំងជំនាញសួរនាំ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនដែលកម្លាំងដកហូតខាងលើ មករក្សាទុកដើម្បីលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង ចំណែកឣាវុធកែច្នៃគឺដើម្បីការពារខ្លួន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការស្រាវជ្រាវបទល្មើសបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button