ព័ត៌មានជាតិ

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបករណីបង្កៃតខ្សែភ្លើង បណ្ដាលឲ្យឆក់​ក្មេងប្រុស​ម្នាក់ស្លាប់ នៅខណ្ឌពោ​ធិ៍សែនជ័យ

(ភ្នំពេញ)៖ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធា​ននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហ​ការស្រា​វជ្រាវ ជាមួយកម្លាំងស្នង​ការដ្ឋាននគរបាល​រាជធានីភ្នំពេញ ករណីក្មេងប្រុសម្នាក់ឆក់ខ្សែភ្លើងស្លាប់ ដោយសារការតបង្កៃពីម្ចាស់រឺម៉កមួយ នៅភូមិចាក់ជ្រូក សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ។

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង២៣៖០០នាទី ឈ្មោះ ​ឈួន សុផល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវជាឪពុកបង្កើត​ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ស្តីពីករណីប្តឹងបាត់ឈ្មោះ សន​ វណ្ណា ជាកូនប្រុសបង្កើតដែល​បាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមគ្រួសារបាន​ពឹងពាក់អ្នកជិតខាង ជួយឆែកមើលកាមេរ៉ាសុវត្ថិភា​ពនៅផ្ទះជួលគ្មាន​លេខរបស់​ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ។ នៅក្នុងម៉ោងកាមេរ៉ាសុវត្ថភាពម៉ោង០៤៖៣៤​នាទីទាបភ្លឺ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឃើញរូបភាពសកម្មភាពជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន និងឈ្មោះ សោម ធូ ជាប្រពន្ធ បានដើរចេញពីក្នុ​ងបន្ទប់ជួលមកឈរ​កាន់ម៉ូតូសណ្តោង​រឺម៉ករបស់ខ្លួន ហើយជនសង្ស័យបានឃើញជនរងគ្រោះដេកស្លាប់នៅចំហៀងម៉ូតូសណ្តោងរឺម៉ក។

ពេលនោះជន​សង្ស័យឈ្មោះ អ៊ាត ចាន់ធឿន បានលើកអោបជនរងគ្រោះ​ទៅដាក់នៅក្បែរបន្ទប់ជួល​ទីមួយខាងកើតផ្លូវបេតុងកែងផ្លូវលំ បានប្រហែល៥នាទីក្រោយជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន ក៏លើកស​ពជនរងគ្រោះដើរឆ្ពោះទៅទិសខាងលិចម្នាក់ឯងតាមផ្លូវលំ ដីព្រៃខាងក្រោយ​បន្ទប់ជួ​លគ្មាន​លេខជួរទី៣ ចំណែកប្រពន្ធជនសង្ស័យបាននៅយាមមើលផ្លូវ ដោយប្រើរូបភាព​សកម្មភាព​ធ្វើជា​ហាត់ប្រាណបានប្រហែល១០នាទី ក្រោយជនសង្ស័យ​បានដើរត្រឡប់មកបន្ទប់​ជួលវិញ​ពុំឃើញអោ​បសាកសពជនរងគ្រោះមកវិញនោះទេ។ បន្ទាប់មកសកម្មភាពជនសង្ស័យ បានបើកម៉ូតូ​សណ្តោងរឺម៉កចេញពីបន្ទប់ជួលរបស់ខ្លួនទៅជាមួយប្រពន្ធគេចខ្លួនបាត់។

កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយអធិការដ្ឋាននគរបាល​ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវរហូតដឹងថា ឈ្មោះ អ៊ាត ចាន់ធឿន និងឈ្មោះ សោម ធូ ជាប្រពន្ធ បានទៅលាក់ខ្លួននៅផ្ទះបងប្អូននៅឃុំក្រហម ស្រុកជាំក្សាន ខេត្តព្រះវិហារ ហើយកម្លាំង​ជំនាញបានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងវរៈការពារព្រំដែន ចុះទៅដ​ល់ទីតាំងលាក់ខ្លួន តែជនសង្ស័យទាំង២ ត្រូវបានរថយន្តមួយគ្រឿងដឹកចេញបាត់ហើយ។ លុះម៉ោង​០៦៖៣០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យក៏បានចូលមកសារភាព នៅប៉ុស្តិ៍នគ​របាលរដ្ឋបាលសំរោងក្រោមតែម្តង។

តាមចម្លើយសារភាពបឋម ជនសង្ស័យសារភាពថា ខ្លួនពិតជាបានបង្កៃខ្សែភ្លើងមានចរ​ន្តអគ្គីសនី​ជាមួយរឺម៉កកង់បីពិតប្រាកដមែន ក្នុងគោលបំណងឆក់កណ្ដុរ លុះព្រឹកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោ​ងប្រហែល៤ទាបភ្លឺ ខ្លួនឃើញសពក្មេងដេកស្លាប់នៅជាប់រឺម៉កខ្លួន ឃើញដូចនោះ​ខ្លួនក៏បានយកសពទៅទុកក្បែរបង្គោលភ្លើងវិញ ប៉ុន្តែដោយគិតមិនអាចគេចវេសពីកំហុសបាន ខ្លួននិងប្រពន្ធ ក៏បានដឹងសពជនរងគ្រោះទៅចោលនៅដីវាល ក្រោមដើមឈឺមួយកន្លែង ភូមិផ្សារ​ត្រាច ឃុំលង្វែក ស្រុកកំពុងត្រទ្បាច ខេត្តកំពង់ឆ្នាំង។

រួចពួកខ្លួនបានយករឺម៉កទៅលក់អោយអេតចាយមួយកន្លែង ហើយនៅវេលាម៉ោង ១៩៖៣០នាទី ថ្ងៃដដែល ខ្លួនបានជិះរថយន្តក្រុងចេញពីគល់ស្ពានព្រែកក្តាម ឆ្ពោះទៅខេត្តព្រះវិហារ លាក់ខ្លួនរហូត​ដល់ម៉ោងលុះដល់ម៉ោង១៩៖៣០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ កូនខ្លួនបានទូរស័ព្ទ​មកឲ្យខ្លួនចូលសារភាព ព្រោះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនហើយ ទើបខ្លួនចេញដំណើ​រពីខេត្ត​ព្រះវិហារ ដោយជិះឡានក្រុង ត្រឡប់មកភ្នំពេញវិញ នៅម៉ោង៦៖៣០នាទីព្រឹក ខ្លួនក៏បានចូលសា​រភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមតែម្តង។

បច្ចុប្បន្នកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយសហការជាមួយអធិ​ការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការ CPU នាំជនសង្ស័យទៅអង្អុលកន្លែងបោះ​ចោលសាកសព និ​ងធ្វើការកសាងសំណុំរឿងតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button