ព័ត៌មានជាតិ

ក្រុមអ្នកនាំ​ពាក្យក្រសួ​ងមហាផ្ទៃ រៀបចំសន្និសីទសា​រព័ត៌មាន លើកដំបូង ស្តីពីការផ្តល់សេ​វាតាម​ច្រក​ចេញចូលតែ​មួយនៅរដ្ឋបាលថ្នាក់ក្រោ​មជាតិ

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសបើកសន្និសទីសារព័ត៌មា​ននារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ប​ណ្ឌិត ទូច សុឃៈ ជំនួ​យការឯកឧត្តមអភិសន្តិប​ណ្ឌិត និង​ជាអ្នកនាំពាក្យរងក្រសួង​មហាផ្ទៃ បានមាន​ប្រសាសន៍ថា គោលបំណ​ងចម្បងនៃការរៀបចំសន្និសី​ទរបស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាពេ​លនេះ គឺដើម្បីផ្សព្វផ្សា​យជូនសាធារណៈជនអំពីលទ្ធផលការងារ និងទិសដៅអាទិភាពរបស់​អគ្គ​នាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លើការអនុវត្តយន្តកា​រច្រកចេញចូល​តែមួយនៅរដ្ឋបា​លថ្នាក់​ក្រោមជាតិ​ទាំងបីថ្នាក់ គឺថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់។

បើតាម​បណ្ឌិត ទូច សុឃៈ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នឹងរៀបចំសនិ្នសីទសា​រព័ត៌មានលើ​ប្រធានបទ​ផ្សេងទៀតដែលពាក់ព័ន្ធនឹង​ការងាររបស់អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងម​ហាផ្ទៃ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌការងារស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។

គួរកត់​សម្គាល់ថា ក្នុងឱកាសអញ្ជើញជាវាគ្មិន នៃសន្និសីទ​សារព័ត៌មានលើដំបូងនេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃ​អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង​មហាផ្ទៃ បានគូសបញ្ជាក់អំ​ពីសាវតា វឌ្ឍនភាព និងទិស​ដៅបន្តសម្រាប់ការផ្តល់​សេវាតាមយន្តការច្រកចេញចូល​តែមួយ និងបានបន្តទៀតថា ក្នុង​នាមជាសេនាធិការជូនក្រសួងមហា​ផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល លើការការអនុវត្តកំ​ណែទម្រង់វិ​មជ្ឈការ និងវិសហមជ្ឈការ អគ្គនា​យកដ្ឋានរដ្ឋបាល បានសិក្សា និងរៀបចំផែនការអនុវត្តប្រក​បដោ​យភាពប្រុងប្រយ័ត្ន ដើម្បីធានាថាការផ្តល់​សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមយ​ន្តការច្រកចេញចូល​តែមួយនៅថ្នាក់ក្រោមជាតិ អា​ចដំណើរការដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្នយន្តការច្រកចេញចូលតែមួយ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរ​ការ​នៅគ្រប់ថ្នាក់រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំង៣ថ្នាក់ រួមមាន៖ អង្គភាពច្រកចេញ​ចូលតែមួយនៅថ្នាក់រា​ជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និង យន្តការច្រកចេញ​ចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការផ្តល់សេវារដ្ឋបាល តាមរ​យៈកា​រកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានា ដែលស្ថិតក្នុងដែន​សមត្ថកិច្ចរបស់រដ្ឋបា​លថ្នាក់​ក្រោមជាតិសាមីនីមួយៗ និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោ​យគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅ​នឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទន្ទឹមនឹងការ​ដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយ ឯកឧត្តមអគ្គនាយក បានមានប្រសា​សន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបង្កើតឱ្យមានយន្តការដោះ​ស្រាយបណ្ដឹងក្រៅប្រព័ន្ធតុ​លាការមួយ ដែលមានឈ្មោះថា “ការិយាល័យប្រជាពលរដ្ឋ”។ ការិយាល័យប្រជា​ពលរដ្ឋនេះគឺជា​យន្តការអព្យាក្រឹត្យមួយ សម្រាប់ទទួលនិងសម្រុះសម្រួល​ដោះស្រាយបណ្តឹងតវ៉ានា​នារបស់ប្រជា​ពល​រដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាន បណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ការផ្តល់សេវាតាមច្រ​កចេញចូលតែមួយពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ពិសេសគឺការខិតខំធ្វើឱ្យ​នីតិវិធីកាន់តែសាមញ្ញ មានតម្លាភាព និងឆាប់រហ័ស ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន ស្របតា​មគោលបំណងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹ​កនាំប្រក​បដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសគឺការប្រើ​ប្រាស់ប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ ស្របតាមការវិវត្ត និងតម្រូវការក្នុងសង្គម ដើម្បីបង្កភាពងាយស្រួល និងធានានូវភាពពេញចិត្តរបស់ប្រជាពលរដ្ឋ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button