ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល បើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងក្រុងតាខ្មៅ របស់ក្រុមហ៊ុនស៊ិនទ្រី នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធជាច្រើនរូប ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានចាត់ទុកក្រុងតាខ្មៅ គឺជាបេះដូងសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ជាងគេរបស់ខេត្តកណ្តាល ដែលតម្រូវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋ ត្រូវតែរួមគ្នាដោះស្រាយបញ្ហាសំរាម និងកាកសំណល់រឹង ទើបទទួលបានជោគជ័យ។
ឯកឧត្តម តាំង ម៉េងលាន បានមានប្រសាសន៍ថា វិសាលភាព នៃការផ្តល់សេវា សំអាតសំរាម នៅមិនទាន់គ្របដណ្តប់នៅក្នុងក្រុងទាំងមូលនៅឡើយទេ នៅមានផ្នែកខ្លះនៃសង្កាត់ស្វាយរលំ រកាខ្ពស់ និងសិត្បូ ដែលក្រុមហ៊ុនកំពុងតែខិតខំបន្ថែមទៀត ដែលកត្តានេះហើយ ដែលធ្វើឱ្យនៅមានសំរាមរាយប៉ាយ នៅតាមផ្នែកខ្លះនៃដងផ្លូវ ក្នុងប្រភពទឹកសាធារណៈ និងកន្លែងសាធារណៈសំខាន់ៗមួយចំនួនទៀត បណ្ដាលឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់សោភ័ណភាព បរិស្ថានក្នុងទីក្រុង និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលរងខេត្តបានជំរុញ ដល់ក្រុមហ៊ុនស៊ុនទ្រី ត្រូវពង្រឹង និងខិតខំបន្ថែមទៀតទៅលើការដឹកជញ្ជូន និងទុកដាក់សំរាម តាមស្ដង់ដារបច្ចេកទេស ត្រូវបង្កើន ចំនួនរថយន្តដឹកសំរាម រ៉ឺម៉កដឹកសំរាម ចំនួនភ្នាក់ងារបោសសំអាត ឱ្យសមស្របទៅនឹងបរិមាណសំរាមដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងក្រុងតាខ្មៅ។
ឯកឧត្តម ក៏បានតម្រូវឱ្យក្រុមហ៊ុនស៊ីនទ្រីនត្រូវយកចិត្តទុកដាក់ ប្រមូលសំរាមប្រចាំការនៅតាមមាត់ទន្ល ដងផ្លូវសាធារណៈ ប្រភពទឹក និងកន្លែងសាធារណៈសំខាន់ៗ ព្រោះមានសំរាមរាយប៉ាយយ៉ាងច្រើននៅទីនោះ ជាងនេះទៅទៀត ក្រុមហ៊ុនត្រូវរៀបចំប្រតិទិនពេលវេលាបញ្ចេញសំរាម និងប្រមូលសំរាមជាក់លាក់ ពោលគឺក្រុមហ៊ុនត្រូវ រៀបចំបង្កើតប័ណ្ណព័ត៌មានផ្សព្វផ្សាយពីពេលវេលាបញ្ចេញសំរាមរបស់ប្រជាពលរដ្ឋ និងពេល វេលាដែលក្រុមហ៊ុនត្រូវប្រមូលសំរាមជូនដល់ប្រជាពលរដ្ឋ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ ក្រុមហ៊ុនស៊ុនទ្រី បានជួយឧបត្ថម្ភ រ៉ឺម៉កបែនដឹកសំរាម ចំនួន ០២គ្រឿង ដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ តាមតម្រូវការចាំបាច់ក្នុងការងារអនាម័យ បរិស្ថានឱ្យបានកាន់តែស្អាតល្អប្រសើរបន្ថែមទៀតផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer